មន្ត្រីជាន់ខ្ពស់ថៃ៖ កម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់ជូនពលករនៅថៃបាន តែមន្ត្រីសុខាភិបាលថៃជាអ្នកចាក់


(បាងកក, ថៃ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាចផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ រីឯការចាក់ គឺត្រូវអនុវត្តដោយមន្ត្រីសុខាភិបាលថៃ។

ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយឧបនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលថៃ ឯកឧត្តម វិស្នុ គ្រឿងង៉ាម ក្នុងពេលជួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍នៅទីក្រុងបាងកក ប្រទេសថៃ នាពេលថ្មីៗនេះ។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា មន្ត្រីខ្មែរដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយមន្ត្រីរបស់ថៃ ហើយកំពុងបំពេញទស្សនកិច្ចនៅថៃនោះ  នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងជំនួបនោះ រូបឯកឧត្តម និងឯកឧត្តមឧបនាយករដ្ឋមន្ត្រីថៃ បានជជែកគ្នាពីការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានស្នើបន្ថែមទៅឧបនាយករដ្ឋមន្ត្រីជួយយកចិត្តទុកដាក់ផ្តល់វ៉ាក់សាំងដល់ពលរដ្ឋខ្មែរ ដើម្បីទប់ទល់ការរាលដាលជំងឺកូវីដ១៩។

ឯកឧត្តម សុខ សុក្រឹត្យា បានបន្ថែមថា ក្នុងជំនួបនោះ ឯកឧត្តមក៏បានលើកពីបំណងរបស់សម្តេចតេជោ ហ៊ុន សែន រកកិច្ចសហប្រតិបត្តិការ ដើម្បីបានផ្តល់ជាវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋនៅក្នុងប្រទេសថៃផងដែរ។

ឆ្លើយតបសំណើស្តីពីកិច្ចសហប្រតិបត្តិការដើម្បីផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថៃ វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ថា រដ្ឋាភិបាលថៃ បានជជែក ហើយក៏បានសម្រេចដែរថា កម្ពុជា អាចផ្តល់វ៉ាក់សាំងសម្រាប់ចាក់ជូនពលរដ្ឋរស់នៅ និងធ្វើការក្នុងប្រទេសថៃបាន។ ប៉ុន្តែមិនអាចទៅចាក់ដោយខ្លួនឯងបានឡើយ ពោលគឺកម្ពុជា អាចផ្តល់វ៉ាក់សាំង ហើយមន្ត្រីសុខាភិបាលថៃជាអ្នកចាក់ជូន។ ដោយឡែកមន្ត្រីកម្ពុជា អាចចូលរួមសង្កេតការណ៍លើការងារចាក់នេះបាន។

ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា បានបញ្ជាក់ដូច្នេះ «ឯកឧត្តម វិស្នុ គ្រឿងង៉ាម មានប្រសាសន៍ថា តាមផ្លូវច្បាប់ថៃហ្នឹង យើងមិនអាចយកវ៉ាក់សាំងមក ហើយយកមន្ត្រីសុខាភិបាលយើងមកចាក់បានទេ។ តែបើយើងយកវ៉ាក់សាំងមក ហើយឱ្យមន្ត្រីសុខាភិបាលថៃចាក់ ដោយមានយើងសង្កេតការណ៍ អាហ្នឹងអាចធ្វើទៅបាន»។

ក្នុងជំនួបនោះ ឯកឧត្តម វិស្នុ គ្រឿងង៉ាម ក៏បានបញ្ជាក់ដែរថា ទោះបីជាយ៉ាងណា រដ្ឋាភិបាលថៃ បានយកចិត្តទុកដាក់ដល់ពលរដ្ឋខ្មែរ ហើយក៏បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនពួកគេផងដែរ ប៉ុន្តែមិនបានលឿននោះឡើយ។

ឯកឧត្តម វិស្នុ គ្រឿងង៉ាម បានលើកឡើងថា ប្រសិនបើកម្ពុជាអាចផ្តល់វ៉ាក់សាំងទៅ ការចាក់ជូនពលរដ្ឋខ្មែរអាចបានលឿន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីថៃ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ។

ឯកឧត្តម សុខ សុក្រឹត្យា បានគូសបញ្ជាក់ថា ពេលនេះមន្ត្រីក្រសួងការបរទេសនៃប្រទេសទាំងពីរ កំពុងជជែកគ្នាលើការងារនេះ ដើម្បីរកយន្តការកិច្ចសហប្រតិបត្តិការឈានទៅការផ្តល់វ៉ាក់សាំងជូនពលរដ្ឋខ្មែរនៅថៃ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហើបនូវព័ត៌មាននៃគម្រោងផ្តល់វ៉ាក់សាំងទៅចាក់ជូនពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃផងដែរ។

តាមព័ត៌មាននានា បានបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋខ្មែរប្រមាណជា ១លាននាក់កំពុងធ្វើរស់នៅ និងធ្វើការក្នុងប្រទេសថៃ ហើយរដ្ឋាភិបាលថៃ បានចាក់ជូនពលរដ្ឋខ្មែរបានប្រមាណ ២សែនដូសហើយ៕