សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ដល់អំណោយជូនគ្រួសារសម្រាលបានកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឲ្យលោក សេង ទៀង ជាជំនួយការផ្ទាល់ និងលោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា នាយកមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អញ្ជើញនាំយកអំណោយសម្ដេច ទៅចែកជូនប្រជាពលរដ្ឋសម្រាលទារកភ្លោះបីនាក់ ដែលត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

អំណោយដ៏សប្បុរសទាំងនោះរួមមាន ថវិកា៥លានរៀល, អង្ករ៥០គីឡូក្រាម, ទឹកដោះគោ២កេសធំ, ស្កសរ៥គីឡូក្រាម, សារុង២ និងក្រម៉ា២។

ទារកភ្លោះទាំងបីនាក់នេះ កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមន្ទីរកាល់ម៉ែត្រ តាមរយៈការវះកាត់ ជាកូនលើកទី២ របស់ឪពុកឈ្មោះ ម៉ៅ សុភ័ស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុឯកជន និងម្តាយឈ្មោះ មាស សណ្ណា អាយុ២៧ឆ្នាំ មានមុខរបរបុគ្គលិកធនាគារឯកជន មានអាស្រ័យដ្ឋានរស់នៅភូមិអណ្តូងតាសី ឃុំព្រៃឆ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។

នៅចំពោះមុខគ្រួសារកូន លោក សេង ទៀង មាននាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែផ្ញើនូវការនឹករលឹកចំពោះប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ក្នុងប្រទេសកម្ពុជា។

លោកជំនួយការផ្ទាល់ រូបនេះបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយៈពេលជាង២២ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ ឬបួននាក់ ចំនួន៣៨២គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បរសធម៌ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច។

លោក សេង ទៀង បានបន្ដថា ចំនួនគ្រួសារទារកភ្លោះបីនាក់នេះ មានច្រើនជាងនេះទៀត ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភតាមរយៈអ្នកតំណាងរាស្រ្ត និងក្រុមការងារចុះជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានភូមិ ឃុំ ស្រុក រាជធានីខេត្ត កាលពីមុនឆ្នាំ១៩៩៩។ លោកថា ជំនួយឧបត្ថម្ភទាំងអស់នេះ មិនមែនជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់កាកបាទក្រហមកម្ពុជា ឬអំណោយរបស់គណបក្ស ដែលបម្រើឲ្យសកម្មភាពនយោបាយនោះទេ ផ្ទុយទៅវិញអំណោយទាំងអស់នេះ គឺជាអំណោយទានកើតចេញពីទឹកចិត្តជ្រះថ្លាប្រកបដោយការគិតគួរខ្ពស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឈ្វេងយល់ពីការលំបាកពិតប្រាកដ ចំពោះប្រជាពលរដ្ឋដែលមានប្រសូត្រទារកភ្លោះបី ឬបួននាក់ពិតប្រាកដ។

បន្ថែមពីនេះ លោក សេង ទៀង បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាអនាម័យ រស់នៅស្អាត លាងដៃជាមួយសាប៊ូ អាល់កុង ឬទឹកលាងដៃ ដើម្បីការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ដ៏កាចសាហាវ ដែលបាននិងកំពុងរីករាលដាលនៅជុំវិញពិភពលោក។

តំណាងគ្រួសារកូនភ្លោះ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែជួយដល់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ពិសេសចំពោះប្រជាពលរដ្ឋមានទុក្ខលំបាក គឺតែងតែមានវត្តមានសម្តេចទាំងទ្វេ ចុះជួយអន្តរាគមន៍គ្រប់ពេលវេលា។

មាតាបិតាកូនភ្លោះ បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានឧបត្ថម្ភនូវអំណោយទានដ៏សប្បរសធម៌នេះ ជួយដល់គ្រួ សារពួកគេ ពិសេសជួយចិញ្ចឹមបីបាច់ទារកភ្លោះបី។ តាមរយៈអំណោយទានដ៏សប្បរសនេះ សូមលើហត្ថបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាការពារ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ពូលានុភាពមាំមួន បញ្ញាញាណភ្លឺថ្លា ជន្មាយុយ៉ឺនយូរ ដើម្បីបន្តស្ថិតនៅជាអ្នកដឹកនាំជោគវាសនាអនាគតប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងតរៀងទៅ៕