ឯកឧត្តមវេជ្ជ.សុះ មុះសិន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ដែលទើបត្រូវបានជ្រើសរើសជាមន្រ្តីរាជការ នៃក្រសួងសុខាភិបាល


នៅរសៀលថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិករដ្ឋសភា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រូពេទ្យអុីស្លាមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសមាជិក សមាជិកា សមាគមគ្រូពេទ្យអុីស្លាមកម្ពុជា ដែលទើបត្រូវបានជ្រើសរើសបញ្ចូលជាមន្រ្តីរាជការ នៃក្រសួងសុខាភិបាល និងត្រូវបានចាត់តាំងឱ្យបម្រើការងារនៅក្រោមមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ក្រោយពីបានចូលរួមបេសកកម្មជាប្រវត្តិសាស្ត្រក្នុងការប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ-១៩ យ៉ាងសកម្មកន្លងមកនេះ។

ពិធីសំណេះសំណាលនេះមានការអញ្ជេីញចូលរួម ពី ថ្នាក់ដឹកនាំជាអនុប្រធានសមាគម រួមមាន ឯកឧត្តមវេជ្ជ.សាន់ សាប់អី ឯកឧត្តម ម៉ាន សុគ្រី និងឯកឧត្តមវេជ្ជ.ពាស់ មូស្លីម ព្រមទាំងសមាជិក សមាជិក និងមន្ត្រីលេខាធិការដ្ឋានសមាគម។

នៅក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមវេជ្ជ.សុះ មុះសិន បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានខិតខំបំពេញការងារជូនជាតិជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ប្រឆាំងកូវីដ-១៩ (TYDA) ក្នុងរយៈពេលកន្លងមក។ នាឱកាសនេះ ឯកឧត្តម ក៏បានណែនាំដល់សមាជិក សមាជិកា ដែលទើបត្រូវបានក្លាយជាមន្រ្តីរាជការក្រោមក្រសួងសុខាភិបាល ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ត្រូវខិតខំបំពេញការងារបន្ថែមទៀត លើការអនុវត្តតួនាទីភារកិច្ចឱ្យបានល្អ គឺគោរពវិន័យការងារ និងគោរពគ្នាទៅវិញទៅមក ជាពិសេសឋានានុក្រមការងារ។ ក្នុងនាមជាមន្រ្តីរាជការវ័យក្មេង ជាយុវជន ប្អូនៗត្រូវចេះបណ្ដុះវប្បធម៌ថ្មីនៅក្នុងអង្គភាព ស្ថាប័នរបស់ខ្លួន ដោយប្រកាន់នូវគោលការណ៍ ៥យ៉ាង គឺ ឆន្ទៈ ការប្តេជ្ញាចិត្ត សមត្ថភាព ឱកាស និងការចូលរួម។

សូមបញ្ជាក់ថា កំឡុងពេលផ្ទុះឡើងនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី គឺជំងឺកូវីដ-១៩ ស.ព.អ.ក បានរួមចំណែកយ៉ាងសកម្ម និងជាប្រវត្តិសាស្ត្រ ដោយបានជ្រើសរើស និងបញ្ជូនក្រុមគ្រូពេទ្យ និងអ្នកស្ម័គ្រចិត្តជាមុស្លិម ចំនួន ០៣ក្រុម ស្មើនឹង ១២២រូប ស្រី ៦៧រូប ឱ្យចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោប្រឆាំងជំងឺកូវីដ-១៩(TYDA) និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចពិជ័យសេនា ទៀ បាញ់ ដែលជាផែនការ និងយុទ្ធសាស្ត្រស៊ីជម្រៅ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ក្នុងការរៀបចំជាកម្លាំងជំនួយ ឬខ្សែត្រៀមបម្រុង ដែលជាគ្រូពេទ្យស្ម័គ្រចិត្ត ដើម្បីជួយដល់មន្រ្តីសុខាភិបាល ក្នុងនាមជា «ទ័ពអាវស»។

ក្នុងចំណោមក្រុមគ្រូពេទ្យស្ម័គ្រចិត្តវគ្គដំបូង ចំនួន ២៨រូប គឺមានគ្រូពេទ្យ ចំនួន ២៤នាក់ (០៧រូប មានក្របខណ្ឌស្រាប់) ស្រី ០៩នាក់ ត្រូវបានជ្រើសរើសបញ្ចូលក្នុងក្របខណ្ឌមន្រ្តីសុខាភិបាលនៃក្រសួងសុខាភិបាល ដែលត្រូវបំពេញការងារស្ថិតក្រោមមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ខេត្ត មួយចំនួន ក្នុងនោះ ១៣រូប ស្ថិតក្រោមមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវបម្រើការងារនៅតាមមន្ទីរពេទ្យបង្អែក ដូចជា ព្រែកព្នៅ ០៣រូប ចតុមុខ ០៣រូប សម្តេចឪ ០២រូប សម្ពពក្រុង ០១រូប ពោធិ៍សែនជ័យ ០១រូប ជ្រោយចង្វារ ០១រូប ដង្កោ ០១រូប និងពោធិ៍ចិនតុង ០១រូប។

ឯកឧត្តមប្រធាន បានណែនាំដល់សមាជិក សមាជិកាគ្រប់រូបត្រូវបង្កើនការសិក្សារៀនសូត្រនូវអ្វីដែលមានការខ្វះចន្លោះពីរៀមច្បង អ្នកជុំវិញខ្លួនក៏ដូចជាលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ដើម្បីពង្រឹងប្រសិទ្ធភាពក្នុងការអនុវត្តតួនាទី ភារកិច្ច រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសេីរ ៕