ឯកឧត្តម ប៉ាន សូរស័ក្ដិ ជួបពិភាក្សាការងារពាណិជ្ជកម្មជាមួយអនុប្រធានសាជីវកម្មវិស្វកម្ម Zhengyuan នៃក្រុមហ៊ុន CNNC របស់ចិន


នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អមដោយមន្ត្រីជំនាញ បានទទួលជួបលោក វ៉ាង ជីនហ្វឹង (Wang Jinfeng) អនុប្រធានសាជីវកម្មវិស្វកម្ម Zhengyuan នៃក្រុមហ៊ុន CNNC របស់ចិន ដើម្បីពិភាក្សាការងារពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបសង្ខេបអំពីគោលនយោបាយជំរុញពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសវិនិយោគមកពីប្រទេសមិត្តចិន ដោយស្វាគមន៍រាល់ការមកចូលធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។
លោក វ៉ាង ជីនហ្វឹង បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលតែងតែទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិន ក្នុងឱកាសរៀបចំវេទិកាជំរុញពាណិជ្ជកម្មកន្លងមក ដែលបានផ្ដល់ទំនុកចិត្តក្នុងការចូលមកវិនិយោគនៅកម្ពុជា។ លោក វ៉ាង គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍន៍ធនធានមនុស្ស ក្នុងវិស័យថាមពលស្អាត (Clean Energy) និងថាមពលនុយក្លេអ៊ែរ។ ក្រុមហ៊ុននឹងសហការជាមួយក្រុមហ៊ុនសាងសង់មន្ទីរពេទ្យដ៏ធំមួយនៅកម្ពុជា ដែលមានលទ្ធភាពព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យានុយក្លេអ៊ែរ ទៀតផង។
ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍និងត្រៀមជួយដល់ការមកធ្វើពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសផ្នែកសុខាភិបាល ដែលនឹងជួយដល់ប្រជាជនកម្ពុជាទាំងមូល។