កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំក្រោយ, នាយករដ្ឋមន្ត្រីចិន ចង់ឃើញរាល់កសិផលកម្ពុជា អាចនាំទៅចិនផ្ទាល់ ដោយមិនឆ្លងកាត់ប្រទេសដទៃ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានប្រកាសថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នឹងចូលជាធរមាននៅខែមករា ឆ្នាំ២០២២ខាងមុខនេះហើយ។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង តាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃចន្ទ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានគុណតម្លៃខ្ពស់ សម្រាប់ជំរុញកំណើនពាណិជ្ជកម្មរវាងកម្ពុជា និងចិន ត្រូវបានចុះហត្ថលេខាតាំងពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០មកម្ល៉េះ តែកិច្ចព្រមព្រៀងនេះមិនទាន់ត្រូវបានអនុវត្តនៅឡើយទេ ដោយត្រូវបំពេញលក្ខខណ្ឌច្បាប់តាមប្រទេសនីមួយៗ ក៏ដូចជាការអនុម័តយល់ព្រមពីស្ថាប័នសភានៃប្រទេសទាំងពីរ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់អ្នកព័ត៌មាននៅក្រោយជំនួបថា សម្តេចតេជោ ហ៊ុន សែន និងលោក លី ខឺឈាង បានពិភាក្សាគ្នាផ្តោតជាសំខាន់ទៅលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងកិច្ចព្រមព្រៀពាណិជ្ជកម្មសេរីនេះផងដែរ។ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនាយករដ្ឋមន្ត្រីកម្ពុជា និងចិន បានឯកភាពគ្នាជំរុញឱ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរកើនដល់ ១០ពាន់លានដុល្លារអាមេរិក។

បន្ថែមពីលើនោះ សម្តេចតេជោ និងលោក លី ខឺឈាង បានឯកភាពថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ នឹងចូលជាធរមាន ហើយចាប់ផ្តើមអនុវត្តលើការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅខែមករា ឆ្នាំ២០២២។

ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់យ៉ាងដូច្នេះ «សម្តេចតេជោ និងឯកឧត្តម លី ខឺឈាង បានឯកភាពគ្នាក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យបានកើនឡើងដល់ ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយក៏បានឯកភាពគ្នាដាក់ឱ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន នៅខែមករា ខាងមុខ»។

ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មនេះដែរ លោក លី ខឺឈាង បានជំរុញឱ្យមានការពិភាក្សាគ្នាលើកូតានាំអង្ករ និងកសិផលនាំចូលប្រទេសចិន។ សម្រាប់លោកនាយករដ្ឋមន្ត្រីចិន គឺចង់ឃើញកម្ពុជានាំចូលកសិកផលទាំងឡាយ ទៅប្រទេសចិនដោយផ្ទាល់តែម្តង ចៀសវាងការឆ្លងកាត់ប្រទេសដទៃ។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ឬហៅថា FTA គឺជាកិច្ចព្រមព្រៀងលើកលែងពន្ធអាករទៅវិញទៅមករវាងប្រទេសមួយ និងប្រទេសមួយទៀត លើផលិតផលដែលបានព្រមព្រៀងគ្នា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ មិនត្រឹមតែជាការព្រមព្រៀងត្រឹមការលើកលែងពន្ធអាករលើផលិតផលប៉ុណ្ណោះទេ តែបានគ្របដណ្តប់លើវិស័យជាច្រើនទៀត មានដូចជាផ្នែកសេវាកម្ម វិនិយោគ កិច្ចសម្រួលពាណិជ្ជកម្ម ការលុបបំបាត់របាំងមិនមែនពន្ធគយជាដើម។

សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ត្រូវបានអះអាងថា កម្ពុជានឹងនាំផលិតផលជាង ៣៤០មុខ ហើយ ៩៥ភាគរយនៃផលិតផលនេះ នឹងចុះពន្ធដល់ ០ភាគរយ ហើយនៅសល់៥ភាគរយ គឺចុះក្នុងរយៈពេល១០ឆ្នាំ ឬអាចឆ្នាំបន្ទាប់ចុះទៅ០%។

ដោយឡែកមុខទំនិញដែលភាគីចិន គិតពន្ធពីប្រទេសកម្ពុជា គឺជាប្រភេទគ្រឿងចក្រ និងយានយន្តផ្សេងៗ។ មូលហេតុដែលភាគីចិន គិតពន្ធលើមុខទំនិញទាំងអស់នេះ ដោយសារភាគីចិន មិនចង់ឱ្យការនាំចូលទីផ្សារ ខ្លួនប៉ះពាល់ផលិតផលក្នុងស្រុក។ បន្ថែមពីនេះ ការគិតពន្ធលើមុខទំនិញទាំងនេះ មិនមែនជាបញ្ហាដល់ភាគីកម្ពុជានោះទេ ព្រោះថាកម្ពុជា មិនមែនជាប្រទេសផលិតសម្ភារទាំងអស់នេះនោះឡើយ។ នេះជាបញ្ជាក់បន្ថែមរបស់លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីពេលកន្លងទៅ។

បើតាមការបង្ហើបឱ្យដឹងពីឯកឧត្តម សុខ សុភ័ក្ត្រ ទំនិញដែលកម្ពុជាលើកលែងពន្ធដល់ប្រទេសចិនភាគច្រើនជាប្រភេទរ៉ែគីមី សម្រាប់បម្រើឲ្យវិស័យឧស្សាហកម្ម ជាមួយនិងប្រភេទផ្លាស្ទីក ដែលនាំចូលសម្រាប់ផ្គុំឡើងនាំចេញទៅក្រៅប្រទេស។

សូមបញ្ជាក់ថា ប្រទេសចិន គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេស ហើយក៏ជាដៃគូពាណិជ្ជកម្មដ៏សំខាន់បំផុតរបស់កម្ពុជា។ ស្ថិតក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ១៩ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន នៅតែមានកំណើនខ្ពស់គួរឱ្យកត់សម្គាល់។

ឯកឧត្តម សុខ សុភ័ក្ត្រ ធ្លាប់បានឱ្យដឹងថា រយៈពេល៦ខែឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន សម្រេចបានជិត ៥ពាន់លានដុល្លារអាមេរិក កើនឡើង៣១ភាគរយ។

បើតាមមន្ដ្រីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ ការនាំចេញពីកម្ពុជាទៅចិន តែងតែមានកំណើនជាមធ្យមប្រមាណពី ៦-១០% ក្នុងមួយឆ្នាំៗ ព្រោះសេដ្ឋកិច្ច នៃប្រទេសទាំងពីរ បានបំពេញឲ្យគ្នាទៅវិញទៅមកយ៉ាងល្អ។

ជាទូទៅ កម្ពុជាបាននាំចេញទៅចិន នូវសម្លៀកបំពាក់ ស្បែកជើង ស្បែកសត្វមានរោម ម៉ាស៊ីនប្រើពីស្តុង អង្ករ កៅស៊ូ ចេក ដំឡូងមី គ្រាប់ស្វាយចន្ទី ស្បែកជើង ហិប វ៉ាលី ជាដើម-ល-។

ដោយឡែកទំនិញនាំពីចិន នូវផលិតផលសម្រាប់បម្រើឱ្យការវិនិយោគ និងផលិតកម្ម ដូចជា ក្រណាត់ចាក់ ក្រណាត់ត្បាញពីកប្បាស គ្រឿងចក្រ ដែក គ្រឿងសំណង់ផ្សេងៗ បរិក្ខារ និងគ្រឿងអេឡិចត្រូនិក វត្ថុធាតុពីប្លាស្ទិក អាលុយមីញ៉ូម គ្រឿងសង្ហារឹម និងក្រដាស និងក្រដាសកាតុងជាដើម៕