ថ្ងៃទី១៧ វិច្ឆិកា វ៉ាក់សាំងជំនួយរបស់ចិន ២លានដូសទៀត នឹងដឹកមកដល់កម្ពុជា, សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួលដោយផ្ទាល់


វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ចំនួន ២លានដូសបន្ថែមទៀត នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។

បើតាមមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញទៅទទួលដោយផ្ទាល់នូវវ៉ាក់សាំងជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិននេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩មកដល់ប្រទេសកម្ពុជា។ ចិន ក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេមកកាន់កម្ពុជាផងដែរ។ ប្រទេសចិន ក៏បានក្លាយទៅជាប្រទេសដែលកម្ពុជា ជ្រើសយកធ្វើជាបង្អែកយុទ្ធសាស្ត្រក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ផងដែរ។

គិតត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១កន្លងទៅ វ៉ាក់សាំងដែលកម្ពុជាទទួលបានពីប្រទេសចិន ទាំងជំនួយ និងការបញ្ជាទិញមានចំនួនសរុប ៣២លាន ៨សែនដូស។ ក្នុងនោះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស។ ជាមួយគ្នានេះ ក្រុមហ៊ុនស៊ីណូវ៉ាក់របស់ចិន បានផ្តល់ជំនួយចំនួន ៥០ម៉ឺនដូសផងដែរ។

លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន តាមទូរសព្ទនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានបង្ហាញការប្តេជ្ញាចិត្តមុតមាំថា រដ្ឋាភិបាល និងប្រជាជនចិន នៅតែបន្តផ្តល់ជំនួយជាវ៉ាក់សាំង និងបរិក្ខារពេទ្យផ្សេងៗទៀតដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។

វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ។ ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដ៏លឿននេះ បានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ។

សម្តេចតេជោ ហ៊ុន សែន តែងតែបានរំលឹកជាប់ជានិច្ចពីការរួមចំណែករបស់រដ្ឋាភិបាល និងប្រជាជនចិន លើការផ្គត់ផ្គង់វ៉ាក់សាំងនេះ។ សម្រាប់សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ការផ្តល់វ៉ាក់សាំងរបស់រដ្ឋាភិបាល និងប្រជាជនចិន គឺគុណសម្បត្តិដ៏ធំធេងសម្រាប់ការសង្គ្រោះជីវិតពលរដ្ឋចេញពីគ្រោះកាចនៃការរាតត្បាតជំងឺកូវីដ១៩៕