ឯកឧត្តម សុខ លូ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកជូនអំណោយដល់គ្រួសារប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១៥០គ្រួសារ ក្នុង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង


នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកជូនអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ ដែលមកពីភូមិសង្កែវារ ភូមិពាម ភូមិកំពង់ព្នៅ និងភូមិសំរោង នៃឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ដែលជាទឹកដីកំណើតរបស់ ឯកឧត្តម ។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ១ការ៉ុង (៥០គីឡូក្រាម) ទឹកសុទ្ធចំនួន១កេស មី១កេស ត្រីខ១យួរ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ ភួយចំនួន១ ក្រមារចំនួន១ និងថវិកាមួយចំនួនទៀតផងដែរ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍សុំការអធ្យាស្រ័យដល់ប្រជាពលរដ្ឋ ដែលមិនអាចចែកជូនគ្រប់ប្រជាពលរដ្ឋបានទាំងអស់ទេ ហើយចំពោះអំណោយនាពេលនេះ សម្រាប់ដោះស្រាយជីវភាពបានមួយរយៈពេលខ្លីតែប៉ុណ្ណោះ ។ ឯកឧត្តម មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចខិតខំប្រឹងប្រែងក្នុងការស្វែងរកសន្ដិភាពជូនប្រជាពលរដ្ឋ និងបញ្ចប់បាននូវសង្រ្គាមផ្ទៃក្នុង ដោយអនុវត្តទៅតាមគោលនយោបាយឈ្នះៗ បានយ៉ាងជោគជ័យ ហើយចំពោះបច្ចុប្បន្នដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ សម្ដេចបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ក្នុងការស្វះស្វែងរកថ្នាំវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឲ្យបានចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ។ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រៀមលក្ខណៈក្នុងការទទួលវ៉ាក់សាំងដោយឥតគិតថ្លៃចំពោះដុសជំរុញ ដែលជាដុសទី៣ ដែលរដ្ឋបាលខេត្តនឹងបើកយុទ្ធនាការចាក់ជូននាពេលឆាប់ៗខាងមុខនេះផងដែរ ៕