ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង ក្នុងស្រុកព្រៃនប់ទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្ត


ព្រះសីហនុ ៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃនប់រសៀលថ្ងៃ៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចែកជូនប្រជាពល រដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់នារដូវរងានេះ ។

ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ចំនួន ២២០គ្រួសារ មកពីឃុំចំនួន៨ រួមមាន៖

ឃុំអណ្តូងថ្ម ៤៤គ្រួសារ, ឃុំសំរុង ៣២គ្រួសារ, ឃុំវាលរេញ ២៨គ្រួសារ,ឃុំសាមគ្គី ១៨គ្រួសារ, ឃុំទឹកល្អក់ ៤គ្រួសារ, ឃុំទឹកថ្លា ២២គ្រួសារ, ឃុំជើងគោ ៧គ្រួសារ និងឃុំតានៃ ៦៥គ្រួសារ។

ឯកឧត្តម គួច ចំរើន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះប្រជាប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងនៅស្រុកព្រៃនប់ ដែលសម្តេចតែងតែគិតគូរអំពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋទៅទូទាំងប្រទេស ។ ពិសេសប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដែលមានការខ្វះខាតស្បៀងនៅចុងរដូវវស្សា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះស្បៀងដោយយើងមិនបានដឹងនោះទេ។ ការនាំយកអំណោយឧបត្ថម្ភជូនប្រជាពលរដ្ឋនាពេលនេះ គឺមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយឡើយ គឺធ្វើយ៉ាងណាត្រូវចែកជូនប្រជាពលរដ្ឋរបស់យើងឱ្យបានទាន់ពេលវេលា។

អំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងចំនួន ២២០គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកព្រៃនប់ រួមមាន៖ អាវរងា, ភួយ,ក្រមា, តែ, ស្ករ, ទឹកដោះគោខាប់, នំនិងថវិកា ៥ម៉ឺនរៀល៕