អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារលិខិតអបអរសាទរ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា


(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ពិតជាមានក្តីសោមនស្សរំភើបរីករាយយ៉ាងក្រៃលែង និងសូមចូលរួមអបអរសាទរជាអនេក គោរពជូនចំពោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា ក្នុងឱកាសដ៏ថ្លៃថ្លាវិសេសវិសាល ដែលត្រូវបានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សេចក្តីទុកចិត្ត និងជ្រើសតាំងជាអនុប្រធានទី១ រដ្ឋសភា នីតិកាលទី៦។
ក្នុងឱកាសប្រកបដោយមោទនភាពយ៉ាងក្រៃលែងនេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ពិតជាវីរជនគំរូដ៏ឆ្នើមមួយរូប ពោរពេញដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ការងារ ឆន្ទៈមនសិការបម្រើបុព្វហេតុជាតិ និងបានតស៊ូលះបង់ ពុះពារឧសគ្គគ្រប់កាលៈទេសៈ ក្នុងការរួមចំណែកយ៉ាងសកម្ម បម្រើឧត្តមប្រយោជន៍ជាតិ ព្រមទាំងការកែទម្រង់ច្បាប់ ការពង្រឹងនីតិរដ្ឋ និងការលើកកម្ពស់តម្លៃ នៃនីតិរដ្ឋប្រកបដោយឧត្តមគតិ និងកិត្យានុភាពជាតិក្នុងស្ថាប័ន នីតិប្បញ្ញតិ្ត ឆ្ពោះទៅការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យគួរជាទីមោទនៈ។
យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕