អភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីចែកបន្តោងខ្សែរកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្សទាំង១៣ ក្រុង ស្រុក ក្នុងខេត្តព្រៃវែង


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកបន្តោងខ្សែរកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំងជូនសិស្សានុសិស្សទាំង១៣ ក្រុង ស្រុក ដោយមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត អភិបាលក្រុង/ស្រុក កងកម្លាំងទាំងបី លោក/លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត ដែលប្រព្រឹត្តទៅនៅសាលាបឋមសិក្សាសម្តេចតេជោ ហ៊ុន សែន ព្រៃវែងក្រុង ខេត្តព្រៃវែង។
ក្នុងពិធីនោះ ឯកឧត្តមអភិបាលខេត្ត បានចែកបន្តោងខ្សែរកាតសម្រាប់ដាក់កាតចាក់វ៉ាក់សាំង ដើម្បីជួយរក្សាកាតចាក់វ៉ាកសាំងដល់សិស្សានុសិស្សក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩នេះ។ ដោយឡែកឯកឧត្តម ក៏សូមសំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានសហការ សម្របសម្រួល និងយកចិត្តទុក្ខដាក់ខ្ពស់ ក្នុងការឆ្លើយតបទៅនឹងនយោបាយវ៉ាក់សាំងរបស់សម្ដេចតេជោ ដែលបានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលនាំអោយព្រះរាជាណាចក្រកម្ពុជា បានបើកសាលារៀនឡើងវិញ ទទួលបានជោគជ័យគួរអោយកត់សម្គាល់ ជាពិសេសក្នុងខេត្តព្រៃវែងយើងតែម្តង។
ក្នុងព្រឹកថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត ក៏បានប្រគល់ថវិការាជរដ្ឋាភិបាលឧបត្ថម្តដល់គ្រួសារសព ដែលស្លាប់ដោយជំងឺកូវីដ-១៩ នៅបរិវេណមុខសាលាខេត្តព្រៃវែងផងដែរ។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត សូមអោយគ្រឹះស្ថានអប់រំសិក្សាទាំងអស់ បន្តអនុវត្តគោលការណ៍អនាម័យ និងបង្ការជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩។