អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំអនុវត្តន៍វិធានការទប់ស្កាត់ ការរុក រានទន្ទ្រានដីព្រៃលិចទឹកតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តខេត្ត


ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការឯក ភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំដើម្បី អនុវត្តន៍វិធានការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះសកម្មភាពការកាប់ព្រៃលិចទឹក និងវាត ទីយកដីបឹង ទន្លេសាប ស្ថិតក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនោះ ក៏មានវត្តមានអញ្ជើញពីលោកអភិបាលរងខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការសឹងរងខេត្ត មេបញ្ជាការកងពលតូច ថ្មើរជើង លេខ៥១ អភិបាលស្រុក មន្ទីរ អង្គភាពនិង ក្រុមប្រឹក្សាឃុំដែលស្ថិតក្នុងតំបន់ពាក់ព័ន្ធ ។

នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អ៊ុំ រាត្រី មានប្រសាសន៍ថា ធ្វើឡើងជាបន្ទាន់នេះ ក្រោយពី ទទួលបាននូវបទបញ្ជាការរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាព គឺរដ្ឋបាលខេត្តបើកការប្រជុំដើម្បីប្រមូលព័ត៌មាន ឯកសារ ពាក់ព័ន្ធនានាជាមុន ដើម្បីចុះទៅពិនិត្យទប់ស្កាត់បង្ក្រាបជាមួយក្រុមការងារចម្រុះថ្នាក់ជាតិ នៅលើទីតាំងជាក់ស្តែង។

អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្តបានត្រៀមកម្លាំងសរុបមធ្យោបាយសរុប ដើម្បីចូលរួមអនុវត្តន៍ និងទប់ស្កាត់ការ រុករានទន្ទ្រានដីផ្ទៃបឹងទន្លេសាប ក្នុងដែនដីភូមិសាស្ត្រខេត្តបន្ទាយមានជ័យនេះឱ្យបានល្អ និងឆ្លើយតបទៅនឹងការដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ។

សូមបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យ ឃុំ ស្រុកដែលជាប់នឹងតំបន់ទន្លេសាបមាន ឃុំ ប្រាសាទ ឃុំភ្នំលៀប ឃុំរហាលក្នុង ស្រុកព្រះនេត្រព្រះ និងឃុំសំបួរ ក្នុងស្រុកមង្គលបូរី ហើយមាន ផ្ទៃដីព្រៃលិចជាច្រើនហិកតាបានទទួលរងការរុករានទន្ទ្រាននោះ៕