ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួប ពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា


នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួប ពិភាក្សាការងារជាមួយឯកឧត្តម Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រ ទាំងសម្ភារ: បច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យ លើកស្ទួយសុខមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា ។ ជាក់ស្តែង, ថ្មីៗនេះ រដ្ឋាភិបាល ជប៉ុន បានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍនសេដ្ឋកិច្ច-សង្គម រួមមាន វិស័យសុខា- ភិបាល និងទឹកស្អាត ជាដើម ។ ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា កម្ពុជាសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះការពិចារណារបស់ភាគីជប៉ុន ចំពោះ “ផែនការផ្តល់ឥណទាន សម្បទាន (ដំណាក់កាលទី ២) សម្រាប់កម្មវិធីគាំទ្របន្ទាន់ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩” ដែលមានទឹកប្រាក់ ២០ ប៊ីលានយ៉េនជប៉ុន ដល់កម្ពុជា ដើម្បីគាំទ្រការអនុវត្តវិធានការស្តារសេដ្ឋកិច្ច និងវិធានការត្រួតពិនិត្យការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ កិច្ចព្រមព្រៀងឥណទានសម្បទាននេះ គ្រោងនឹងចុះហត្ថលេខាក្នុងខែ ធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ។
ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី និងឯកឧត្តម ឯកអគ្គរាជទូតជប៉ុន ក៏បានពិភាក្សាលើយន្តការស្តារ និងការអភិវឌ្ឍលើវិស័យនានា ក្រោយជំងឺកូវីដ-១៩ ថមថយ ជាពិសេស ការស្តារ និងការជំរុញការវិនិយោគនៅកម្ពុជា ។ល។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានសម្តែង នូវការស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមលើការជំរុញការវិនិយោគនានានៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលតែងតែយកចិត្តទុកដាក់ និងបានផ្តល់នូវកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ស្ទើរគ្រប់វិស័យ និងចំទិសដៅ ។ សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងអំពីតួ-នាទីជប៉ុន ដែលជា “ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្រ្ត” ដ៏សំខាន់មួយ ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍកម្ពុជា ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏សូមជូនពរឯកឧត្តម Masahiro MIKAMI និង លោកស្រី KAMEI Haruko ឲ្យទទួលបាននូវជោគជ័យជាបន្តបន្ទាប់ទៀត សម្រាប់ការបំពេញ ភារកិច្ចនៅកម្ពុជា ។