នាយករដ្ឋមន្រ្តីឡាវ អបអរសាទរចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នៅកម្ពុជា ដែលមានលក្ខណៈសេរី គ្មានអំពើហិង្សា


នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ ដែលជាថ្ងៃទី១ នៃដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានចូលជួបសវនាការ សម្តែងការគួរសមជាមួយ ឯកឧត្តម ថនលួន ស៊ីសូលីត (THONGLOUN SISOLITH) នាយករដ្ឋមន្រ្តីឡាវ នៅការិយាល័យរដ្ឋាភិបាល នារដ្ឋធានីវៀងច័ន្ទ។

ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានស្វាគមន៍យ៉ាងកក់ក្តៅនិងវាយតម្លៃខ្ពស់ចំពោះវត្តមានដ៏ឧត្តុង្គឧត្តមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅលើទឹកដីប្រទេសឡាវ។ ឯកឧត្តម ថនលួន ស៊ីសូលីត បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា នៅប្រទេសឡាវនាឱកាសនេះ ថាបានបញ្ជាក់យ៉ាងច្បាស់អំពីការបន្តពូនជ្រំ នូវទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេស
កម្ពុជា-ឡាវ ឲ្យរឹងមាំឡើងជាលំដាប់។

ជាមួយគ្នានេះ ឯកឧត្តម ថនលួន ស៊ីសូលីត បានកោតសរសើរនិងអបអរសាទរចំពោះកម្ពុជា ដែលបានរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីថ្ងៃទី៤ ខែមិថុនា កន្លងមកនេះ ដោយសេរី យុត្តិធម៌ និងគ្មានអំពើហិង្សា។ ក្នុងនាមជាបងប្អូន ភូមិផងជាមួយកម្ពុជា ឯកឧត្តមនាយករដ្ឋមន្រ្តីបានសាទរចំពោះដំណើរការលទ្ធិប្រជាធិបេត្យនៅកម្ពុជា។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបង្ហាញក្តីសោមនស្សរីករាយបំផុត ដោយបានឃើញពីសមិទ្ធផលយ៉ាងធំធេងដែលរដ្ឋាភិបាល និងប្រជាជនឡាវ សម្រេចបាន ក្នុងការសាង និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរីកចម្រើន យ៉ាងឆាប់រហ័ស ជីវភាពរស់នៅរបស់ប្រជាជនឡាវ កាន់តែខ្ពង់ខ្ពស់ ។ សម្តេចមានជំនឿជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ឯកឧត្តម និងថ្នាក់ដឹកនាំឡាវគ្រប់ជាន់ថ្នាក់ ប្រជាជនឡាវ នឹងសម្រេចបានជោគជ័យជាបន្តទៀត ក្នុងការអនុវត្តន៍ផែនការ១០ឆ្នាំ នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ខ្លួន។
នៅក្នុងឱកាសនោះទំាងសម្តេចប្រធានរដ្ឋសភា និងឯកឧត្តមនាយករដ្ឋមន្រ្តី មានសេចក្តីសប្បាយរីករាយបំផុត ដោយសង្កេតឃើញថា ចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសកម្ពុជា ឡាវ មានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។ ភាគីទំាងពីរបានលើកឡើងថា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ រហូតដល់ថ្នាក់មូលដ្ឋាន បានធ្វើផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមកជាបន្តបន្ទាប់។ រវាងប្រជាជន និងប្រជាជន តាមបណ្តាព្រំដែន ក៏កាន់តែមានភាពជិតស្និទ្ធ មានលក្ខណៈងាយស្រួលទៅមករកគ្នា ប្រាស្រ័យទាក់ទងគ្នាជាប្រចំា។
ឯកឧត្តម ថនលួន ស៊ីសូលីត សូមឲ្យការស្នាក់នៅរបស់សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូទំាងអស់នៅលើទឹកដីមាតុភូមិឡាវ ដ៏ស្រស់ផូរផង់នោះ ទទួលបាននូវផាសុកភាព និងសុវត្ថិភាព ជាពិសេសសូមឲ្យដំណើរទស្សនកិច្ចនេះទទួលបានជោគជ័យ នាំមកនូវផលប្រយោជន៍ ដ៍ឧត្តុង្គឧត្តម ជូនប្រទេសជាតិ និងប្រជាជនទំាងប្រទេសទំាងពីរ។
សូមជម្រាបថា បន្ទាប់ពីបានធ្វើដំណើរដល់ប្រទេសឡាវនាព្រឹកថ្ងៃទី២១មិថុនានេះ ជាដំបូងគណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជូបពិភាក្សាការងារទ្វេភាគី ជាមួយលោកជំទាវប្រធានរដ្ឋសភាឡាវ បន្ទាប់មកបានអញ្ជើញដាក់កម្រងផ្កា នៅបូជនីដ្ឋានយុទ្ធជនឡាវ ដែលបានពលីកម្មដើម្បីជាតិមាតុភូមិផងដែរ៕