សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការ ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលប្រទេសតួកគី ហៅកាត់ថា (TIKA)


(ភ្នំពេញ)៖ ប្រតិភូអង្គការ ទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគី (TIKA) នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលជួបសំណេះសំណាល និងភិក្សាការងារជាមួយប្រតិភូ នៃសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA)។

ពិធីខាងលើមានការអញ្ជើញចូលរួមពី លោកជំទាវ Ayda Unlu ឯកអគ្គរដ្ឋទូតប្រទេសតួកគី ប្រចាំនៅកម្ពុជា លោកជំទាវ កុប ម៉ារីយ៉ាស សមាជិករដ្ឋសភា និងជាអនុប្រធានសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា និងលោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានអចិន្ត្រៃយ៍នៃសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ព្រមទាំងលោក លោកស្រីដែលជាសមាជិក សមាជិកា នៃសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាជាច្រើនរូបទៀត។

កិច្ចពិភាក្សាបានផ្តោតជាសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលប្រទេសតួកគី និងសមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា លើកិច្ចការវិស័យមនុស្សធម៌ វិស័យសិក្សាអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការផ្សេងៗទៀតក្នុងគោលបំណងចូលរួមចំណែកក្នុងការអភិវឌ្ឍសហគមន៍ឥស្លាមកម្ពុជា ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕