ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់តំណាងចុះសួរសុខទុក្ខសមាជិកគណៈកម្មការធិការកណ្ដាលបក្សប្រជាជន ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន


(ភ្នំពេញ)៖ ក្នុងឱកាសចូលរួមអបអរសាទរខួបអនុស្សារីយ៌ លើកទី៤៣ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្នូ២០២១ ប្រតិភូយុវជនថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តម ហ៊ុន ម៉ាណែត រួមជាមួយឯកឧត្តម កែវ ពិសិដ្ឋ និងក្រុមការងារ បានអញ្ជើញទៅសួរសុខទុក្ខលោកស្រី ហូ ណូន សមាជិការគណៈកម្មាធិការកណ្តាល គណបក្សប្រជាជន និងជាទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ដល់គេហដ្ឋានផ្ទាល់ នៅក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ។

ឯកឧត្តម ចាយ បូរិន បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជូនចំពោះលោកស្រី ហូ ណូន។ ឯកឧត្តម ចាយ បូរិន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជាតែងតែរក្សាចាស់ បង្កើនថ្មី ហើយជានិច្ចជាកាលសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន និងសមាជិកសមាជិកាគណបក្សទំាងអស់ ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ មាតុភូមិ។

ប្រតិភូយុវជនថ្នាក់កណ្តាល បានសម្ដែងនូវមនោសញ្ចេតនា និងការគោរពដឹងគុណ កោតសរសើរដោយស្មោះចំពោះវីរភាព និងស្នាដៃដ៏ធំធេងជាច្រើនមិនអាចកាត់ថ្លៃបានរបស់លោកស្រី ហូ ណូន ដែលបានចូលរួមចំណែកក្នុងការស្តារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិជារៀងរហូតមក ជាពិសេសលោកស្រី បានបំពេញការងារយ៉ាងសកម្ម ជាច្រើនអាណត្តិ ទាំងនៅក្នុងក្របខណ្ឌនីតិប្រតិបត្តិ និងស្ថាប័ននីតិប្បញ្ញតិ និងមានវីរភាព ក្នុងការបម្រើផលប្រយោជន៍គណបក្សនៅគ្រប់កាលៈទេសៈ ចំណាយទាំងកម្លាំង ស្មារតី ធនធាន ដោយមិនខ្លាចនឿយហត់ឡើយ។

ឯកឧត្តម ចាយ បូរិន និងឯកឧត្តម កែវ ពិសិដ្ន និងសមាជិកប្រតិភូ បានចាត់ទុកគុណបំណាច់របស់លោកស្រី ហូ ណូន នាពេលកន្លង ជាកេរ្តិ៍ដំណែល និងជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយៗ បានរៀនសូត្រ និងអនុវត្តតាម។ ប្រតិភូក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក តាមថែរក្សា លោកស្រី ហូ ណូន ឆាប់បានជាសះស្បើយពីជំងឺដង្កាត់នានា មានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ។

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាថ្នាក់ដឹកនាំយុវជនគណបក្ស តែងតែណែនាំដល់ថ្នាក់ដឹកនាំយុវជនគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ចាស់ព្រឹទ្ធាចារ្យ ឥស្សរជនគណបក្សទំាងអស់ ដែលលោកកំពុងស្ថិតនៅក្នុងវ័យជរា ឬមានជំងឺនៅក្នុងការចុះសួរសុខទុក ផ្តល់កម្លំាងចិត្ត ជូនលោកជាប្រចាំ ពីព្រោះថាយុវជនជំនាន់ក្រោយដែលអាចមានថ្ងៃនេះបាន គឺជាពលីកម្ម ការលះបង់ និងការខិតខំប្រែងប្រែងយ៉ាងធំធេងរបស់ចាស់ព្រឹទ្ធាចារ្យ រៀមច្បងជំនាន់មុន។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តម ចាយ បូរិន ឯកឧត្តម កែវ ពិសិដ្ឋ និងលោកអនុប្រធានផ្នែក ព្រមទាំងលោក លោកស្រី ជាជំនួយការផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា ចំនួន៤លានរៀល របស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកស្រី ជូនលោកស្រី ហូ ណូន ផងដែរ៕