ជប៉ុន សន្យាគាំទ្រកម្ពុជា ដើម្បីទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយ


(ភ្នំពេញ)៖ ក្នុងជំនួបតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម គីស៊ីដា ហ្វីមីអូ នាយករដ្ឋមន្ដ្រីជប៉ុន បានប្រាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាថា ជប៉ុន នឹងគាំទ្រកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយឲ្យទទួលបានជោគជ័យ។

ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រោយជំនួបនោះយ៉ាងដូច្នេះថា «ឯកឧត្តម នាយករដ្ឋមន្ដ្រីជប៉ុន បានបញ្ជាក់អំពីការត្រៀមសហការ និងគាំទ្រកម្ពុជាឲ្យទទួលបានជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ»

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្ដីសង្ឃឹមថា គ្រាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាននោះ លោកនាយករដ្ឋមន្ដ្រីជប៉ុន នឹងអញ្ជើញចូលរួមដោយផ្ទាល់នៅរាជធានីភ្នំពេញ នាឆ្នាំ២០២២ខាងមុខនេះ។ សម្ដេចក៏អញ្ជើញឯកឧត្តមនាយករដ្ឋមន្ដ្រីជប៉ុន ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនោះផងដែរ។

ដោយសារតែឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃទំនាក់ទំនងកាទូតរវាងកម្ពុជា-ជប៉ុន ហើយក៏ជាខួបលើកទី៥០ នៃចំណងមិត្តភាពជប៉ុន-អាស៊ាននោះ ទាំងសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម គីស៊ីដា ហ្វីមីអូ បានឯកភាពគ្នា ដើម្បីរៀបចំកម្មវិធីមួយក្នុងគោលបំណងរំលឹកដល់ខួបអនុស្សាវរីយ៍ទាំងពីរនេះ។ នេះបើតាមអ្វីដែលឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ បានគូសបញ្ជាក់បន្ថែម។

ក្នុងជំនួបដ៏មានសារៈសំខាន់នាព្រឹកមិញនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានអះអាងប្រាប់លោកនាយករដ្ឋមន្ដ្រីជប៉ុនដែរ កម្ពុជា គឺជាប្រទេសមួយ ដែលជាមិត្ដដ៏ស្មោះត្រង់របស់ជប៉ុន។ បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជាផងដែរ។

យ៉ាងណាមិញ ក្នុងជំនួបរវាងថ្នាក់ដឹកនាំកំពូលទាំងនេះ ក៏មិនបំភ្លេចនូវការរំលឹកអំពីទំនាក់ទំនងជាប្រវត្តិសាស្ដ្រ ដែលមានជាយូរណាស់មកហើយ ហើយក្នុងនោះសម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តមនាយករដ្ឋមន្ដ្រីជប៉ុន បានរំលឹកពីការបញ្ជូនកងទ័ពរក្សាសន្តិភាពរបស់ជប៉ុន មកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ១៩៩២ ដែលជាការបញ្ជូនកងទ័ពចេញក្រៅប្រទេសលើកដំបូងរបស់ជប៉ុនផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣ បន្ទាប់ពីមានដំណើរទស្សនកិច្ច របស់សម្តេចតេជោទៅកាន់ប្រទេសជប៉ុន៕