​អភិបាល​ខេត្ត​កំពង់ចាម​ ​ចាត់​ឲ្យ​មន្ត្រី​បច្ចេកទេស​ចុះ​សិក្សា​ ​និង​ដំណើរការ​ជួសជុល​ផ្លូវ​ក្នុង​ក្រុង​កំពង់ចាម​ ​ដែល​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ បានចាត់ឲ្យមន្ត្រីបច្ចេកទេស នៃការិយាល័យផែនការវិនិយោគខេត្តចុះពិនិត្យ និងចាប់ផ្ដើមដំណើរការជួសជុលផ្លូវមួយចំនួនក្នុងក្រុងកំពង់ចាម ដែលរងខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងទៅ។

លោក ឌួល សុន មន្ត្រីបច្ចេកទេស នៃទីចាត់ការផែនការ វិនិយោគខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពេលឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការជួសជុលផ្លូវ និងលូរំដោះទឹកភ្លៀង ក្នុងសង្កាត់បឹងកុក ឯកឧត្តម បានចាត់បញ្ជាឲ្យក្រុមការងារបច្ចេកទេស ចុះពិនិត្យដើម្បីដំណើរការជួសជុលផ្លូវ និងដាក់លូរំដោះទឹកភ្លៀង។

លោក ឌួល សុន បានឲ្យដឹងទៀតថា ចំណុចផ្លូវដែលរងការខូចខាត នឹងត្រូវជួសជុលឡើងវិញនោះ ក្នុងសង្កាត់បឹងកុកមានដូចជា៖ ផ្លូវមុខផ្សារថ្មគោល និងតាមទំនប់ក្បែរវត្តថ្មគោល ត្រូវជួសជុលឡើងវិញជាផ្លូវបេតុងប្រវែងជាង ១០០០ ម៉ែត្រ, ក្នុងភូមិឡឥដ្ឋ ស្ថាបនាផ្លូវបេតុងប្រមាណជាង៥០០០ម៉ែត្រ និងដាក់លូសងខាងផ្លូវ ប្រវែងជាង១០០០ម៉ែត្រ និងត្រូវជួសជុលផ្លូវឡើងវិញមួយចំនួនទៀត ក្នុងសង្កាត់សំបួរមាស៕