ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យនិងលើកគម្រោងជួសជុលប្រឡាយមេ ប្រព័ន្ធលូ និងផ្លូវមួយចំនួន នៅតាមដងស្ទឹងព្រែកត្នោត ក្រោយពីទឹកជំនន់បានស្រក


(ភ្នំពេញ)៖ ក្រោយពីទឹកជំនន់ព្រែកត្នោតបានស្រកចុះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យមន្ត្រីជំនាញធ្វើការសិក្សា និងលើកជាគម្រោងដើម្បីធ្វើការ ជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រឡាយមេ ប្រព័ន្ធលូ និងផ្លូវមួយចំនួន នៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោឡើងវិញ ក្រោយរងការគំរាម កំហែង និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដោយទឹកជំនន់ទឹកភ្លៀងកាលពីចុងខែតុលាកន្លងមកនេះ និងដើម្បីបង្ការទប់ស្កាត់ កុំឱ្យទឹកជំនន់ស្ទឹងព្រែកត្នោត គម្រាមកំហែងនៅឆ្នាំក្រោយទៀត។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងដូចនេះនាព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងឱកាសដឹកនាំមន្ត្រីជំនាញសាលារាជធានី និងអាជ្ញាធរដែនដី ចុះពិនិត្យមើល ស្ថានភាពជាក់ស្ដែង នៅតាមបណ្ដាប្រឡាយមេ ផ្លូវមួយចំនួន និងនៅតាមដងស្ទឹងព្រែកត្នោត និងតំបន់លិចទឹក ក្នុងភូមិសាស្ត្រខណ្ឌដង្កោ។

នៅក្នុងដំណើរចុះពិនិត្យមើលស្ថានភាពការដាក់លូនៅផ្លូវបេតុង ចូលទៅបឹងតាម៉ាត ស្ថិតក្នុងភូមិសាស្ត្រ ភូមិម័រ និងភូមិសំបួរ សង្កាត់ដង្កោនេះ ឯកឧត្តម ឃួង ស្រេង ក៏បានជំរុញឲ្យស្ថាបនាលូជាមុនសិន មុនស្ថាបនាផ្លូវតាមក្រោយ ដើម្បីរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើ។

សូមជម្រាប់ថា គិតត្រឹមថ្ងៃទី០២ ខែធ្នូនេះ បើតាមមន្ត្រីជំនាញការដាក់បណ្តាញលូ នៅផ្លូវបេតុង ចូលទៅបឹងតាម៉ាតនេះ ការងារដាក់លូ ទំហំ១.៥០ម៉ែត្រ x ២ម៉ែត្រ បានប្រវែង ៤៥០ម៉ែត្រ ក្នុងប្រវែងសរុប ៧២៩ម៉ែត្រ ស្មើ៦០%ហើយ។ ចំពោះការងារដាក់លូ ទំហំ១ម៉ែត្រ ក្រុមការងារបានដាក់លូបានប្រវែង ១៩០ម៉ែត្រ/ ៩៩៦ម៉ែត្រ ស្មើនឹង១៥%។

បន្ទាប់ពីចុះពិនិត្យទីតាំងខាងលើរួចឯកឧត្តម ឃួង ស្រេង ក៏បានចុះពិនិត្យស្ថានភាព ប្រឡាយជើងឯក ស្ថិតនៅក្នុងភូមិគំរៀង ក្នុងសង្កាត់ព្រៃវែង ដែលប្រឡាយនេះមានតួនាទី យ៉ាងសំខាន់ ក្នុងការដោះទឹកចេញពីផ្លូវជាតិលេខ៣ ចូលមកបឹងជើងឯក ដែលមានប្រវែង ១២គីឡូម៉ែត្រ។

ឯកឧត្តម ឃួង ស្រេង ក៏បានស្នើឱ្យមន្ត្រីជំនាញនៃមន្ទីរជំនាញ លើកជាគម្រោងដើម្បីស្ថាបនាស្ពាន នៅក្នុងភូមិកំរៀងសង្កាត់ព្រៃវែងនេះ ដោយដាក់ទ្វារទឹក។ ប្រឡាយនេះជាគម្រោង នឹងធ្វើការស្ដារឱ្យបានទទឹងពី១៥ម៉ែត្រ ទៅ១៦ម៉ែត្រផងដែរ៕