គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន៥០គ្រួសារ ក្នុងស្រុក បូទុមសាគរ ទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា និងលោកជំទាវ


ព្រឹកថ្ងៃទី៤ ខែឆ្នូ ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា និងលោកជំទាវ បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៥០គ្រួសារ ស្ថិតនៅឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។

ពិធីនេះមានការអញ្ជើញអមដំណើរចូលរួមដោយ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម សុះ ហ្វាសុី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបុទុមសាគរ លោកស្រី អុិន សោភ័ណ្ឌ អភិបាលរង អាជ្ញាធរដែនដី និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ផងដែរ ។

អំណោយខាងលើនេះក្រោមការឧបត្ថម្ភរបស់អង្គការមូស្លិមហេលហ្វិននៃប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា។

ជាកិច្ចចាប់ផ្តើមឯកឧត្តម បានផ្តាំផ្ញើរក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូន លោកពូ អ្នកមីងទាំងអស់នៅទីនេះ ដោយក្តីនឹករលឹកពីចម្ងាយ។

ជាកិច្ចបញ្ចប់ ឯកឧត្តម សូមជូនពរដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តថែរក្សាសុខភាពឲ្យបានល្អដោយត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មីតាមការណែនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាកាត់បន្ថយអាត្រាឆ្លង និងឈានទៅលុបបំបាត់ជំងឺដ៏កាចសាហាវនេះ ឲ្យបានក្នុងពេលដ៏ខ្លីខាងមុខ តាមគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ។

អំណោយដែលចែកជូនរួមមាន៖ អង្ករ ៧៥០ គីឡូ មី៥០០កញ្ចប់ អំបិល៥០គីឡូក្រាម ត្រីខ ១៥០កំប៉ុង ប្រេងឆា ៥០ និងទឹកត្រី២០០ ដប ។