រដ្ឋាភិបាលចិន ប្រកាសគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា


ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងកាបរទេសចិន បានប្រកាសគាំទ្រឱ្យមានការបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ របស់ចិននៅក្នុងប្រទេសកម្ពុជា។

ការប្រកាសនេះ បានធ្វើឡើងនៅក្នុងឱកាសដែលប្រមុខការទូតប្រទេសទាំងពីរ ជួបពិភាក្សាទ្វេភាគី គ្រាដែលឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងហាងចូវ ខេត្តជឺជាំង សាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៣ ដល់ ៥ ខែធ្នូ ឆ្នាំ២០២១។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអំពីលទ្ធផលនៃដំណើរទស្សនកិច្ច និងជំនួបទ្វេភាគីរបស់ប្រមុខការទូតប្រទេសទាំងពីរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ឱ្យដឹងថា៖ «ឯកឧត្ដម ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីនូវការកោតសរសើរបស់កម្ពុជា ចំពោះការផ្តល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេស ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ-១៩។ ជាការឆ្លើយតប ឯកឧត្តម វ៉ាង យី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្តល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិតវ៉ាក់សាំងកូវីដ-១៩ នៅក្នុងកម្ពុជា ផងដែរ»។

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសន្និសីទកាសែតអំឡុងទទួលជំនួយវ៉ាក់សាំងចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើតាមរយៈឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ទៅកាន់លោក ស៊ី ជិនពីង ប្រធានាធិបតីចិន និងនាយករដ្ឋមន្រ្តីចិន ដើម្បីជំរុញឱ្យមានរោងចក្រសម្រាប់ផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ចិន នៅក្នុងប្រទេសកម្ពុជា។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ធ្វើដូច្នេះកម្ពុជាមានលទ្ធភាពដើម្បីទិញវ៉ាក់សាំងដែលផលិតនៅក្នុងរោងចក្រដែលផលិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចាក់នៅក្នុងប្រទេសខ្លួនឯងផង ហើយកម្ពុជាក៏មានលទ្ធភាពដើម្បីចែកចាយវ៉ាក់សាំងនេះទៅកាន់ប្រទេសដទៃ តាមរយៈនៃការបញ្ជាទិញរបស់ប្រទេសដទៃ»។

ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេ ក្នុងការផ្តល់ជំនួយ និងផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកដល់ប្រទេសកម្ពុជា ចាប់តាំងពីដើមឆ្នាំ២០២១ ខណៈដែលប្រទេសទាំងពីរជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាសហគមន៍រួមវាសនាតែម្តងហើយក៏ជាមិត្តដែកថែប។ មិត្តចិនដែលផលិតវ៉ាក់សាំង២ប្រភេទ គឺស៊ីណូហ្វាម (Sinopharm) និងស៊ីណូវ៉ាក់ (Sinovac) ហើយមានការទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក បានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយជាង៨លានដូស។

ក្នុងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល វ៉ាក់សាំងជាវិធានការគន្លឹះសំខាន់ជាងគេបង្អស់ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ទោះបីជាមានវិធានការផ្សេងៗទៀតក៏ដោយ។ មកដល់ពេលនេះ កម្ពុជា បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,១៦៨,៣៤៣នាក់ហើយ ក្នុងចំណោមប្រជាជនចាស់ក្មេងជាង១៦លាននាក់៕