រដ្ឋមន្ត្រីពាណិជ្ជកម្ម លើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិនក្រុមប្រទេសនិយាយភាសាបារំាង ជ្រើសកម្ពុជា ជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មី


(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតី ប្រកាសបើកកម្មវិធីជំនួបសេដ្ឋកិច្ចហ្វ្រង់កូហ្វូន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំ ដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសាបារាំង (OIF)។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងអន្តរក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនជាច្រើនរូប នាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានស្វាគមន៍ និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលត្រូវបានផ្តួចផ្តើមដោយអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ច រវាងប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសក្នុងតំបន់។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះ នឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការ លើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន OIF មកពីគ្រប់ទ្វីបទាំងអស់ ឲ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្ម ដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ពង្រីកសហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃ ដែលកំពុងមានឧត្តមភាពរីកចម្រើន។

គួរបញ្ជាក់ផងដែរថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់របស់អង្កការ OIF មានសរុបចំនួន ៨៨ ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេចបានទំហំពាណិជកម្មសរុប ៩,៦ប៊ីលានដុល្លាអាមេរិកជាមួយប្រទេស OIF ដោយក្នុងនោះ កម្ពុជាបាននាំចេញ៦,៥ ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៩៕