ឯកឧត្តម ឯក សំអុល អញ្ជើញជាអធិបតីក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃសម័យប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសចិន អាណត្តិទី១៩


(វិមាន៧មករា) នារសៀលថ្ងៃពុធ ០៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ​ ឆ្នាំ២០២១នេះ ឯកឧត្តម ឯក សំអុល សមាជិក​គណៈអចិន្រ្តៃយ៍  និងជាប្រធាន​គណៈ​កម្មាធិការ​​ត្រួតពិនិត្យ នៃគណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជនកម្ពុជា និងឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធី ផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃសម័យប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិសចិន អាណត្តិទី១៩ និងខ្លឹមសារសង្ខេបសៀវភៅឯកឧត្តម ស៊ី ជីនភីង ស្តីពី “អភិបាលកិច្ចប្រទេសចិន​ភាគ៣”។

ឯកឧត្តម ឯក សំអុល ថ្លែងថា ចំពោះបទបង្ហាញអំពីខ្លឹមសារសំខាន់ៗ នៃសម័យប្រជុំពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី១៩ ឯកឧត្តមសូមកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ជាប្រវត្តិសាស្រ្តរបស់គណបក្សកុម្មុយនិសចិនក្នុងរយៈពេលមួយសតវត្សរ៍នេះ។ គណបក្សកុម្មុយនិស្ដចិនបានបង្រួបបង្រួម និងដឹកនាំប្រជាជនចិនក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអនុវត្តមាគ៌ាបដិវត្តន៍ ការកសាងប្រទេស និងកំណែទម្រង់គ្រប់កាលៈទេសៈនៃប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់ខ្លួន ហើយបានដឹកនាំប្រទេសពីដំណាក់កាលនៃការតស៊ូដើម្បីឯករាជ្យ ការងើបឈរឡើង ធ្វើឱ្យប្រទេសចិនមានការអភិវឌ្ឍ និងមានភាពខ្លាំងក្លា និងបានក្លាយជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍបន្ត និងសម្រេចបានសមិទ្ធផលធំៗ ជាច្រើនទៀតជូនជាតិ និងប្រជាជន ។

ការសម្រេចជោគជ័យនូវគោលដៅមួយសតវត្សរ៍លើកទី១ នៃការកសាងសង្គមមួយប្រកបដោយវិបុលភាពបង្គួរលើគ្រប់វិស័យ គឺជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការចាប់ផ្តើមដំណើរប្រកបដោយការជឿជាក់ដើម្បីសម្រេចបាននូវគោលដៅសតវត្សរ៍លើកទី២ នៃការប្រែក្លាយប្រទេសចិនទៅជាប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យគ្រប់វិស័យ និងបន្តឆ្ពោះទៅរកគោលដៅចុងក្រោយនៃការសម្រេចបានតាមសុបិន្តចិន។

ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ឯក សំអុល ជូនពរឱ្យចំណងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ស្ថិតស្ថេរជាអមតៈ។

ជាទីបញ្ចប់នេះ ឯកឧត្តមជូនពរឯកឧត្តម វ៉ាង វិន​ធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា និងសហការី​ សូមមានសុខភាពល្អបរិបូរណ៍ និងជោគជ័យ ក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា និងសូមជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។