ឯកឧរត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ផ្ដល់អនុសាសន៍៥ចំណុច ដើម្បីជួយជំរុញ កម្មវិធីថ្នាក់ជាតិ «ធុរកិច្ចថ្មីកម្ពុជា» ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព


(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ នូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» ដើម្បីគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងធុរកិច្ចថ្មី តាមរយៈការពង្រឹងសហគ្រិនភាព និងការជំរុញធុរកិច្ចថ្មី ទាំងផ្នែកសមត្ថភាព និងធនធានហិរញ្ញវត្ថុ។

ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាង ក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន ស្ថាប័នបណ្ដុះ និងពន្លឿនអាជីវកម្ម បណ្ដាញវិនិយោគិន និងធុរកិច្ចថ្មី ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានផ្ដល់អនុសាសន៍ ៥ចំណុច ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជួយជំរុញ កម្មវិធីថ្នាក់ជាតិ «ធុរកិច្ចថ្មីកម្ពុជា» ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា លោកសូមធ្វើការគូសរំលេច នូវកិច្ចការជាអាទិភាពសំខាន់ៗមួយចំនួន សម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមរៀបចំ កម្មវិធីថ្នាក់ជាតិ «ធុរកិច្ចថ្មីកម្ពុជា» ឲ្យទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព សម្រាប់ជាឧត្តមប្រយោជន៍ទាំងអស់គ្នា ដូចខាងក្រោម៖

១៖ គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមចំណែក ក្នុងការបង្កើនអន្តរសកម្មរវាងតួអង្គ ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីរៀបចំកម្មវិធីគាំទ្រ ធុរកិច្ចថ្មីនានា ឲ្យកាន់តែមានគុណភាព, ការពង្រឹងសមត្ថភាពបច្ចេកទេស, ការបន្ថែមបំណិនសហគ្រិនភាព, ការបង្កើនទុន និង ការផ្តល់ឱកាសទទួលបានការវិនិយោគ, ព្រមទាំងការចូលរួមជាអ្នកទទួលប្រើប្រាស់សេវាកម្ម/ផលិតផលរបស់ធុរ-កិច្ចថ្មី និង ជាអ្នកផ្តល់ការគាំទ្រនានា

២៖ គ្រប់តួអង្គពាក់ព័ន្ធត្រូវចូលរួមយ៉ាងសកម្ម ក្នុងកម្មវិធីសហគមន៍ធុរកិច្ចថ្មីកម្ពុជា រួមមាន៖ ការបង្ហាញសកម្មភាព, ការផ្សព្វផ្សាយផលិតផល/សេវាកម្ម, ការចែករំលែកបទពិសោធន៍, ការផ្តល់ប្រឹក្សា និង ការគាំទ្រនានាទាំងបច្ចេកទេស និង ហិរញ្ញវត្ថុ ដើម្បីបង្កើតលក្ខខណ្ឌអំណោយ-ផលដល់ប្រព័ន្ធអេកូឡូស៊ី ធុរកិច្ចថ្មីកម្ពុជា

៣៖ សិស្ស/និស្សិត, ធុរជន, និង នវានុវត្តន៍ជន ត្រូវពង្រឹងសមត្ថភាពខ្លួនឯង, ទាំងជំនាញរឹង និង ទន់, តាមរយៈការរៀនសូត្រនៅតាមគ្រឹះស្ថានសិក្សា, ការស្រាវជ្រាវ, កម្មសិក្សា, និង ការ-ចូលរួមជាមួយកម្មវិធីគាំទ្រធុរកិច្ចថ្មីនានា ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងបង្កើតធុរកិច្ចថ្មីប្រកបដោយនវានុវត្តន៍ និង មានឱកាសទទួលបានជោគជ័យខ្ពស់

៤៖ ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ត្រូវផ្តល់ការគាំទ្រធុរកិច្ចថ្មី និង ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី តាមវិស័យរៀងៗខ្លួន តាមរយៈការបញ្រ្ជាបសកម្មភាពគាំទ្រ ទៅក្នុងផែនការប្រចាំឆ្នាំ និង ការផ្តល់គោលនយោបាយលើកទឹកចិត្តនានា

៥៖ គ្រប់តួអង្គពាក់ព័ន្ធត្រូវចូលរួមចែករំលែកទិន្នន័យ ដែលមានគុណភាព នៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី រួមមាន៖ ព័ត៌មានទាក់ទងនឹងធុរកិច្ចថ្មី, កម្មវិធីគាំទ្រធុរកិច្ចថ្មី, ការវិនិយោគ, ការ-ប្រឹក្សាណែនាំ, ការជួបជុំ, សិក្ខាសាលា, ខ្លឹមសារទាក់ទងនឹងធុរកិច្ចថ្មី, របាយការណ៍, និង ឯកសារស្រាវជ្រាវ ក៏ដូចជាធនធានឌីជីថលពាក់ព័ន្ធនានា ក្នុង «ថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា» ដើម្បីផ្តល់ព័ត៌មានសម្បូរបែប និងផ្តល់ចំណេះដឹងដល់ធុរជន, សិស្ស-និស្សិត, និង ភាគីពាក់ព័ន្ធ ឲ្យបានយល់ដឹងបន្ថែម អំពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និង ការធ្វើធុរកិច្ចថ្មីនៅកម្ពុជា។

គូសបញ្ជាក់ថា ការរៀបចំកម្មវិធីថ្នាក់ជាតិ ស្តីពី «ធុរកិច្ចថ្មីកម្ពុជា» នេះ មានគោលបំណងធំៗចំនួន៤រួមមាន៖

ទី១៖ ភ្ជាប់តួអង្គទាំងអស់ក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី និងពង្រឹងកិច្ចសហការរវាងគ្នា និងគ្នាតាមរយៈកម្មវិធីបែបសហគមន៍ និងថ្នាលឌីជីថល
ទី២៖ សហការពង្រឹងសហគ្រិនភាព និងបណ្តុះធុរកិច្ចថ្មី ដោយបំពេញមុខងារគាំទ្រ ឲ្យគ្នាទៅវិញទៅមក រវាងតួអង្គក្នុងប្រព័ន្ធអេកូឡូស៊ីតាមយន្តការសហបង្កើតថ្មី
ទី៣៖ ផ្តល់ព័ត៌មានបែបវិទ្យាសាស្ត្រគ្រប់ជ្រុង ជ្រោយទាក់ទងនឹងសហគ្រិនភាព ធុរកិច្ចថ្មី និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ទាំងមូលតាមថ្នាលឌីជីថល
និង៤៖ ជាវេទិកាជាតិមួយ ក្នុងការថ្ពក់ទៅនឹងកម្មវិធីស្រដៀងគ្នា របស់បណ្តាប្រទេសនានា៕