គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន១៨០គ្រួសារ ក្នុងខេត្តកំពត ទទួលអំណោយពីឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


ព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានអញ្ជើញចុះអប់រំផ្សព្វផ្សាយ និងផ្តល់អំណោយគ្រួសារដែលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ១៨០គ្រួសារ ដែលមកពី ស្រុកទឹកឈូ ក្រុងបូគោ និងក្រុងកំពត ខេត្តកំពត ។

ពិធីនេះមានការអញ្ជើញអមដំណើរចូលរួមដោយ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល ឯកឧត្តម​ ម៉ាន​ សុគ្រី​ លេខាធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និងនេសាទ​ ឯកឧត្តម លី សារី សមាជិកព្រិទ្ធសភា ឯកឧត្តម ម៉ាត់ សេត តំណាងរាស្ដ្រមណ្ឌលខេត្តកំពត ឯកឧត្តម លី ស៊ុគ្រី តំណាងរាស្រ្ដមណ្ឌលខេត្តតាកែវ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យូ សុគន្ធ អភិបាលរងនៃគណៈអភិបាលខេត្តកំពត ឯកឧត្តម សាន់ សូឡៃម៉ាន សមាជិកក្រុមប្រឹក្សាខេត្តកំពត លោកជំទាវ យ៉យ នីតា អនុរដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកអភិបាលក្រុងកំពតអាជ្ញាធរដែនដី និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជា និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ផងដែរ ។ អំណោយខាងលើនេះក្រោមការឧបត្ថម្ភរបស់អង្គការមូស្លិមហេលហ្វិននៃប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា។

ឯកឧត្តមបានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមបន្តថា អំណោយទាំងនេះសម្រាប់ជួយដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈពេល ពិសេសសម្រាប់អ្នកខ្វះខាត និងប៉ះពាល់មុខរបរផ្សេងៗ សំដៅចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការលំបាកក្នុងគ្រាមានអាសន្ន ។

សូមបញ្ជាក់ថា អំណោយដែលចែកជូនរួមមាន៖
អង្ករ ២៧០០គីឡូ មី ១៨០០កញ្ចប់ អំបិល១៨០គីឡូក្រាម
ត្រីខ ៥៤០កំប៉ុង ប្រេងឆា ១៨០ និងទឹកត្រី ៧២០ដប ។