អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើការអនុស្ថានីយអគ្គិសនីកោះកុង, អនុស្ថានីយអគ្គិសនីខេមរភូមិន្ទ និងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល


ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះថា អគ្គិសនីកម្ពុជាបានបញ្ចប់ការសាងសង់ ធ្វើតេស្ត និងដាក់ឲ្យដំណើការអនុស្ថានីយអគ្គិសនីកោះកុង ស្ថិតក្នុងភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា អនុស្ថានីយអគ្គិសនីក្រុងខេមរភូមិន្ទ និងខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០គីឡូវ៉ុល តភ្ជាប់រវាងអនុស្ថានីយទាំងពីរប្រវែងប្រមាណ ២០គីឡូម៉ែត្រ ក្នុងខេត្តកោះកុង។

ឯកឧត្តម កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះ ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ដែលផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី បង្កើនវិសាលភាពនៃការផ្គត់ផ្គង់ប្រកបដោយគុណភាព ស្ថិរភាព និងនិរន្តរភាព។

គម្រោងនេះត្រូវបានសិក្សាត្រួតពិនិត្យសាងសង់ ដោយវិស្វកររបស់អគ្គិសនីកម្ពុជា តាំងពីឆ្នាំ២០១៨ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង (EDF) ហើយសាងសង់ដោយក្រុមហ៊ុនធំៗ របស់ប្រទេសចិន រួមមាន ZTT សម្រាប់ខ្សែបញ្ជូន ២៣០kV និង TBEA សម្រាប់អនុស្ថានីយ ដែលក្រុមហ៊ុនទាំងពីរនេះ ទទួលបានជ័យលាភីក្នុងការដេញថ្លៃជាលក្ខណៈអន្តរជាតិដោយមានការត្រួតពិនិត្យពីអគ្គិសនីកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឈន៍ (AFD) ។

លោកបន្តថា គម្រោងនេះ មិនត្រឹមតែឲ្យយើងទទួលបាននូវហេដ្ឋារចនាសម្ព័ន្ធជាតិបញ្ជូនអគ្គិសនីថ្មីប៉ុណ្ណោះទេ គឺបានផ្តល់និងផ្ទេរចំណេះដឹង (Capacity Building) ពីបណ្តាជំនាញបច្ចេកទេសដែលមានបទពិសោធន៍ខ្ពស់ទាំងពីប្រទេសបារាំង ក៏ដូចជាប្រទេសចិន ដល់វិស្វករ និងក្រុមហ៊ុនម៉ៅការសាងសង់បន្តរបស់ប្រទេសកម្ពុជា ដើម្បីមានលទ្ធភាពសាងសង់ដោយខ្លួនឯងនៅពេលអនាគត។

លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធជាតិ ដែលជាសមិទ្ធផលផ្លែផ្កាថ្មីបន្ថែមទៀតនេះ កើតចេញពីការសហការគ្នាយ៉ាងល្អ ពីរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដោយក្នុងនោះអនុស្ថានីយអគ្គិសនីកោះកុង មានតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលយកថាមពលអគ្គិសនី ដែលផលិតពីបណ្ដាវារីអគ្គិសនីក្នុងតំបន់រួមមាន វារីអគ្គិសនីតាតៃ វារីអគ្គិសនីឬស្សីជ្រំក្រោម វារីអគ្គិសនីអាតៃ ប្រមាណជាង៧០០MW និងវារីអគ្គិសនីតាតៃលើ ១៥០MW កំពុងរៀបចំសាងសង់ បញ្ជូនមកផ្គត់ផ្គង់ដល់រាជធានីភ្នំពេញ ក៏ដូចជាបែងចែកមកខេត្តកោះកុង។

អនុស្ថានីយអគ្គិសនីខេមរភូមិន្ទ ទទួលថាមពលពីអនុស្ថានីយកោះកុង ដែលជាប្រភពអគ្គិសនីជាតិយើង បញ្ជូនតាមរយៈខ្សែបញ្ជូន ២៣០kV ថ្មីនេះ មកផ្គត់ផ្គង់ក្នុងក្រុងខេមរភូមិន្ទ ក៏ដូចជាតំបន់សេដ្ឋកិច្ចពិសេស និងបណ្ដាស្រុកជុំវិញ គឺជាការយកប្រភពអគ្គិសនីមកជិតតំបន់ប្រើប្រាស់ ដើម្បីបង្កើនស្ថិរភាព និងគុណភាពនៃការផ្គត់ផ្គង់ ដែលពីមុនតំបន់ទាំងនេះផ្គត់ផ្គង់ចេញពីប្រភពវារីអគ្គិសនី និងប្រភពដែលមកពីប្រទេសថៃដែលមានចំងាយឆ្ងាយរាប់សិបគីឡូម៉ែត្រ តាមរយៈខ្សែបណ្តាញតង់ស្យុងមធ្យម ២២kV ដែលធ្វើឲ្យមានការរអាក់រអួលជារឿយៗ។

លោករដ្ឋមន្ត្រីបានបន្តថា ខ្សែបញ្ជូន ២៣០kV ថ្មីនេះ ត្រូវបានសាងសង់ឆ្លងកាត់ដៃសមុទ្រ ក្នុងខេត្តកោះកុងដោយប្រើប្រាស់បង្គោលប្រភេទខ្ពស់ចំនួន៤បង្គោល ដែលក្នុងនោះបង្គោលបីដើមមានកំពស់រហូតដល់១៦៨ម៉ែត្រ ដែលបច្ចុប្បន្ននេះជាបង្គោលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា៕