ពលរដ្ឋមានជីវភាពខ្វះខាត ៥០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី១ ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ


លោក ឌី រ័ត្នខេមរុណ ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះជួប សំណេះសំណាលសាកសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ជាអ្នករត់ម៉ូតូឌុប រត់កង់បី ជនពិការ និងចាស់ជរា គ្មានទីពឹង ចំនួន ៥០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នាឱកាសនោះលោក ឌី រ័ត្នខេមរុណ ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម រាជធានី ភ្នំពេញ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋដែលមានជីវភាពខ្វះខាត ទីទាល់ក្រ ចាស់ជរា គ្មានទីពឹង ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់ ពោល «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។

លោក ឌី រ័ត្នខេមរុណ បានបន្ថែមទៀតថា ទោះគ្រប់កាលៈទេសៈណាក៏ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា មិនបោះបង់ចោលប្រជាពលរដ្ឋជាដាច់ខាត ដោយសម្តេចទាំងទ្វេ បានចាត់ទុករាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ជាទុក្ខលំបាករបស់សម្តេចផ្ទាល់។

លោក ឌី រ័ត្នខេមរុណ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួម ទប់ ស្កាត់ហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដោយផ្តើមចេញពីខ្លួនយើង ត្រូវលាងសម្អាតនៅភាពកខ្វក់ជាមួយនិងអាកុល ជែល ឬសាប៊ូ និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំ ជាពិសេសត្រូវអនុវត្តនូវវិធានការ ៣កុំ ៣ការពារ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលឱ្យបានខ្ជាច់ខ្ជួន។

ម្យ៉ាងវិញទៀតសូមប្រជាពលរដ្ឋទាំងអស់ កុំភ្លេចថែរក្សាសុខភាព ព្រោះបើតាមការជូនដំណឹងរបស់ក្រសួងធនធានទឹក អាកាសធាតុនឹងចុះត្រជាក់ខ្លាំង រហូតដល់ ពាក់ កណ្តាលខែកុម្ភៈ ដូច្នេះអ្នកដែលប្រឈមជាងគេគឺលោកយាយ លោកតា យាយជី តាជី និងព្រះសង្ឃដែលមានជន្មាយុច្រើន។ ហើយថ្មីៗនេះជំងឺកូវីដ-១៩ បំលែងថ្មីប្រភេទ Omicron ដែលពិភពលោកកំពុងមានការព្រួយបារម្ភ ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសកុំភ័យស្លន់ស្លោ បាត់បង់ម្ចាស់ការ ត្រូវរស់នៅតាមបែបគន្លងថ្មី ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំ ជានិច្ច ។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ៣០គីឡូក្រាម ,ទឹកសុទ្ធឱរ៉ាល់ ១កេស , ត្រីខ កំប៉ុង ១យួរ, មី ១កេស, ទឹកត្រី ឬ ទឹកស៊ីវអ៊ីវ ១យួរ ផងដែរ៕