គ្រួសាររងផលប៉ះពាល់ដោយកូវីដ-១៩ និងទីទ័លក្រ ចំនួន៦០គ្រួសារ ក្នុងខេត្តកំពង់ចាម ទទួលអំណោយពី ឯកឧត្តមវេជ្ជ.សុះ មុះសិន សមាជិកគណៈកម្មការទី៨នៃរដ្ឋសភា


រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា បានចាត់តាំង លោកជំទាវ យូសុះ អាលីយ៉ា ជាតំណាងនាំយកអំណោយទៅចែកជូនគ្រួសារដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន ៦០គ្រួសារ នៅក្នុងភូមិកំពង់ក្របី ឃុំក្រគរ ស្រុកកំពង់សៀម និងភូមិអង្គរបាន១ អង្គរបានទី៣ ភូមិសាចសូរ ភូមិពង្រ ស្រុកកងមាស ខេត្តកំពង់ចាម។

លោកជំទាវ បានពាំនាំការសួរសុខទុក្ខម្ងាយរបស់ ឯកឧត្តម សុះ មុះសិន ជូនដល់បងប្អូនក្នុងដ្ឋាន ហើយលោកជំទាវ បានណែនាំ និងឱ្យបងប្អូនប្រជាពលយកចិត្តទុកដាក់ ក្នុងការការពារ មេរោគកូវីដ-១៩ និងជំងឺឆ្លងនានា ដោយគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ៣ការពារ និង៣កុំ ពិសេសជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំសស្រាក់សស្រាំ ប្រកបដោយស្មារតីបុរេសកម្មក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញទាំងវិធានការរដ្ឋបាល និងវិធានការសុខាភិបាលជាច្រើន ដើម្បីកាត់ផ្តាច់នូវខ្សែច្រវ៉ាក់ចម្លង និងកាត់បន្ថយការឆ្លងទាន់ពេល សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។ រាជរដ្ឋាភិបាលបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការយុទ្ធសាស្ត្រគន្លឹះ ដើម្បីកាត់បន្ថយករណីឆ្លង និងឈឺធ្ងន់ ពិសេសបង្កើនភាពស៊ាំសហគមន៍ ជាកត្តាជំរុញការធានាបាននូវការវិលត្រឡប់ឱ្យបានឆាប់រហ័សទៅរក “ការរស់នៅតាមបែបគន្លងថ្មី ឬប្រក្រតីភាពថ្មី”នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងកិច្ចដំណើរការនៃសង្គម-សេដ្ឋកិច្ច។

អំណោយមនុស្សធម៌នេះគឺ សម្រាប់អ្នករងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ សម្រាប់ចាស់ជរា ស្រ្តីមេម៉ាយ និងអ្នកទីទល់ក្រគ្មានទីពឹង សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃបានមួយរយៈពេល ។

សូមបញ្ជាក់ថា អំណោយដែលត្រូវផ្តល់ ក្នុងមួយគ្រួសារ ទទួលបាន ៖
អង្ករ ១៥គីឡូ មី ១០កញ្ចប់ អំបិល១គីឡូក្រាម ត្រីខ ៣កំប៉ុង ប្រេងឆា ១ដប និងទឹកត្រី ៤ដប ។