សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» តែមិនត្រូវភ័យស្លន់ស្លោជ្រុលពេកនោះទេ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ សូមមានការប្រុងប្រយ័ត្ន ចំពោះមេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈវីរុសបំប្លែងថ្មីនេះទើបរកឃើញករណីដំបូងនៅកម្ពុជា តែយ៉ាងណាមិនត្រូវភ័យស្លន់ស្លោជ្រុលពេកទេ ការភ័យខ្លាចជ្រុលធ្វើឲ្យមានការវាយតម្លៃខុស។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ករណីរកឃើញវីរុស អូមីក្រុង លើកដំបូងរបស់កម្ពុជា នៅលើស្ត្រីខ្មែរវ័យ២៣ឆ្នាំ ដែលមានភ័យពោះ ហើយធ្វើដំណើរមកធ្វើការនៅប្រទេសហ្គាណា ដោយសារមានផ្ទៃពោះទើបត្រឡប់មកស្រុកកំណើតវិញ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បើទោះបីជារកឃើញវីរុសបំប្លែងថ្មី ដែលអង្គការសុខភាពពិភពលោក និងប្រទេសមួយចំនួនផ្សេងទៀត មានការព្រួយបារម្ភក្តី ក៏កម្ពុជាមិនបិទប្រទេសនោះទេ អ្វីដែលត្រូវធ្វើចំពោះមុខ គឺការប្រុងប្រយ័ត្នខ្ពស់ រួមទាំងអនុវត្តឲ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត ចំពោះការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក និងប្រទេសមួយខ្លះ ដែលហាក់ដូចជា វីរុស អូមីក្រុង ជាជំងឺមួយដែលនាំមកនូវមហន្តរាយខ្ពស់ ប៉ុន្តែបើសង្កេតមើលព័ត៌មាននៅលើពិភពលោក ក្នុងទ្វីបអាហ្រិកដែលជាដើមកំណើននៃវីរុសអូមីក្រុង មិនទាន់មានអ្នកស្លាប់ដោយសារ វីរុសអូមីក្រុងនៅឡើយទេ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំនិយាយនេះ ក្នុងគោលដៅឲ្យយើងទាំងអស់គ្នាកុំស្លន់ស្លោ ហើយខ្ញុំក៏គ្មានសិទ្ធិដើម្បីទូន្មានអង្គការសុខភាពពិភពលោក និងប្រទេសមួយចំនួននោះទេ ក៏ប៉ុន្តែជួនកាលការភ័យខ្លាចជ្រុលនាំឲ្យយើងវាយតម្លៃខុស បង្វែរទិសចេញពី ដែលតា វាយលុកទៅរក អូមីក្រុង ទៅវិញ។ វត្តមានអូមីក្រុង មាននៅកម្ពុជា ពីយប់មិញរួចទៅហើយ ក៏ប៉ុន្តែអត់មានអ្វីដែលគួរឲ្យភ័យខ្លាចទេ នៅពេលដែលយើងអនុវត្តនូវវិធានការសុខាភិបាលបានត្រឹមត្រូវ។ ខ្ញុំគួរបញ្ជាក់ថា វ៉ាក់សាំងតែមួយមុខមិនគ្រប់គ្រាន់ទេ វិធានការ ៣កុំ ៣ការពារនៅតែជាវិធានការដ៏សំខាន់សម្រាប់ការរៀនរស់នៅជាមួយកូវីដ មិនអាចបិទប្រទេសបានទេ កូវីដអាចសម្លាប់មនុស្សរាប់រយ រាប់ពាន់ រាប់ម៉ឺននាក់ ប៉ុន្តែត្រូវចងចាំបើសិនកូវីដសេដ្ឋកិច្ចផ្ទុះ មនុស្ស១៦លាននាក់ត្រូវប៉ះពាល់ទាំងអស់»។

សូមជម្រាបថា នៅយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីវិជ្ជមានកូវីដបំប្លែងថ្មី អូមីក្រុង លើស្ត្រីជនជាតិខ្មែរម្នាក់ អាយុ២៣ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅឃុំតាបុក ស្រុកបាវិត ខេត្តស្វាយរៀង។

ស្ត្រីរូបនេះ មានផ្ទៃពោះ១៥សប្តាហ៍ រួចបានធ្វើដំណើរតាមជើងហោះហើរ ចេញពីប្រទេសហ្គាណា (អាហ្វ្រិកខាងលិច) ឆ្លងកាត់តាមឌូបៃ រួចបន្តជើងហោះហើយនៅព្រលានយន្តហោះទីក្រុងបាងកក ប្រទេសថៃ ទើបបន្តដំណើរមកដល់កម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ៕