អភិបាលខេត្តកំពង់ចាម ប្រគល់ពានរង្វាន់ជ័យលាភីអក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ ដល់បេក្ខនារីពីររូប


(កំពង់ចាម)៖ សមាគមអ្នកនិពន្ធខ្មែរនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានប្រារព្ធពិធីប្រគល់ពានរង្វាន់ជ័យលាភី អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ដល់បេក្ខនារីពីររូប ធ្វើឡើងនៅមន្ទីរសុខាភិបាលខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។

លោក ព្រឿង ប្រណិត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានថ្លែងថា យើងគ្រប់គ្នាបានជ្រាបច្បាស់ហើយថា ការបង្កើតស្នាដៃអក្សរសិល្ប៍មួយ ប្រកបដោយការច្នៃប្រឌិត គឺទាមទារឱ្យអ្នកសរសេរមានកម្រិតយល់ដឹងមូលដ្ឋាន យ៉ាងច្បាស់លាស់ ការយល់ច្បាស់អំពីបរិបទសង្គមមួយលើគ្រប់ផ្នែក ពិសេស វប្បធម៌ អរិយធម៌ និងជីវភាពពិតរបស់មនុស្សក្នុងតំបន់ទើបស្នាដៃមានភាពប្រាកដនិយម។

ម្យ៉ាងទៀត យើងតែងតែទទួលស្គាល់ថា អក្សរសិល្ប៍ដែលមាននិរន្តរភាព និងតម្លៃ គឺជាប្រភេទស្នាដៃ ដែលបានបង្ហាញ និងប្រៀបធៀបតិចឬច្រើននូវព្រឹត្តិការសង្គម ជីវិតពិតក្នុងសង្គមនោះ។ ការជួបជុំថ្ងៃនេះដែរ ក៏ជានិមិត្តរូបការបន្តពូនជ្រុំរឹតបន្ដឹងចំណងមិត្តភាព បន្តចែករំលែកបទពិសោធ ចំណេះដឹងថ្មីៗ និង កាន់តែយល់ចិត្តអ្នកនិពន្ធ ដែលរស់នៅតាមបណ្តោយទន្លេមេគង្គ ស្ថិតក្នុងប្រធានបទ ជីវិត និងនិន្តរភាពទន្លេមេគង្គ ។ ពិតជាមានសារៈសំខាន់ណាស់ចំពោះប្រជាជាតិរស់តាមដងទន្លេមេគង្គ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ នេះ ពិតជាមានសារៈសំខាន់ណាស់ ដោយសារការប្រឡង គឺធ្វើឡើងជាអន្តរជាតិ នៃអ្នកនិពន្ធជាច្រើន នៃបណ្ដាប្រទេស ជាប់ដងទន្លេមេគង្គ។ ក្នុងនោះបេក្ខនារី ដែលទទួលបានជ័យលាភីមានពីររូបរួមមាន៖

*ទី១៖ ឈ្មោះ ឡុង លាភសុជាតា មកពីភ្នំពេញ
*ទី២៖ ឈ្មោះ លឹម ផាន់ណា រស់នៅក្នុងខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការរៀបចំឲ្យមានការប្រឡងអក្សរសិល្ប៍ទន្លេមេគង្គនេះ គឺពិតជាមានអត្ថន័យសំខាន់ណាស់ ពោលមិនត្រឹមតែការប្រគល់ពានរង្វាន់លើកទឹកចិត្តដល់បុគ្គល ឬបញ្ញវន្ត នៃបណ្ដាប្រទេស រស់នៅជាប់ដងទន្លេមេគង្គនោះទេ សំខាន់បំផុត គឺការរឹតចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការល្អ តាមបណ្ដាប្រទេស ដែលជាប់ដងទន្លេមេគង្គ។ ដូច្នេះត្រូវជំរុញយន្តការនេះ ឱ្យមានភាពស្អិតរមួត តាមរយៈការបង្កើត ឱ្យមានស្នាដៃប្រកួតប្រជែងអក្សរសិល្ប៍ របស់ប្រទេសនីមួយៗ។ ម្យ៉ាងទៀតទាក់ទងទៅនឹងការចែករំលែកបទពិសោធន៍ ដល់អ្នកនិពន្ធទាំងឡាយដែលស្ថិតនៅក្នុងប្រទេសជាប់ទន្លេមេគង្គផងដែរ៕