លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី ២ រដ្ឋសភា ទទួលជួបសម្តែងការគួរសមជាមួយប្រធានសហព័ន្ធសន្តិភាពសកល ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ រដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ លោក Ek Nath Dhakal ប្រធានសហព័ន្ធសន្តិភាពសកលប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាបេសកជនពិសេសនៃកិច្ចប្រជុំកំពូលពិភពលោក ឆ្នាំ២០២២ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អំពីការត្រៀមរៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ស្តីពីសន្តិភាពនៅឧបទ្វីបកូរ៉េ (World Summit 2022 on Korean Peninsula) ដែលគ្រោងនឹងរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ នាត្រីមាសទី ១ ឆ្នាំ២០២២។

នៅក្នុងជំនួបសវនាការនេះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍អំពីទំនាក់ទំនងដ៏ល្អរវាងអង្គការ UPF ជាមួយសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជាយូរមកហើយ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនឿជាក់របស់អង្គការនេះមកលើប្រទេសកម្ពុជា ក្នុងការចូលរួមកសាង និងពង្រឹងសុខសន្តិភាព។

លោកជំទាវបានបន្តថា ជំនួយសប្បុរសធម៌ពីពេលកន្លងមក ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលកំពុងចាប់ផ្តើមដំណើរការ ផ្តើមចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអង្គការ UPF និងរាជរដ្ឋាភិបាលកម្ពុជា សំដៅរួមចំណែកដល់ការកសាង ការថែរក្សា និងការលើកកម្ពស់សន្តិភាពនិងវិបុលភាពក្នុងតំបន់និងពិភពលោក។ ជាមួយគ្នានេះផងដែរ លោកជំទាវ បានសម្តែងនូវក្តីរំភើបរីករាយ និងមោទនភាពយ៉ាងក្រៃលែង ចំពោះកម្ពុជាដែលមាន វិទ្យាស្ថានចក្ខុវិស័យអាស៊ី AVI ជាស្ថាប័នស្រាវជ្រាវឯករាជ្យរបស់ក្រុមប្រឹក្សាវប្បធម៌អាស៊ី ACC ដោយទទួលបាននូវសេចក្តីទុកចិត្តពី សម្តេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអង្គការ UPF ឱ្យទទួលភារកិច្ចជា «លេខាធិការដ្ឋានស្ថាប័នស្រាវជ្រាវឆ្នាំ ២០២២ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច» និងបានផ្តល់ជាអនុសាសន៍ណែនាំឱ្យ AVI ធ្វើពិនិត្យតាមដានការងារឱ្យគ្រប់ជ្រុងជ្រោយជាមួយគ្នាដើម្បីភាពជោគជ័យនៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ ២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗខាងមុខ។

ជាមួយគ្នានេះផងដែរ តាងនាមសហព័ន្ធសន្តិភាពសកល (UPF) លោក Ek Nath Dhakal បានគូសបញ្ជាក់នូវសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា និងគាំទ្រចំពោះការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងទន្ទឹងរងចាំបន្តកិច្ចសហប្រតិបត្តិការជិតស្និតជាមួយនឹងកម្ពុជា ដើម្បីជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលពិភពលោក និងកិច្ចសហប្រតិបត្តិការផ្សេងៗរួមមាន គម្រោងឧទ្យានសន្តិភាពមេគង្គ។ លោកក៏បានបង្ហាញនូវសុឆន្ទៈ និងក្តីសង្ឃឹមដ៏មុតមាំ ជាមួយការប្តេជ្ញាចិត្តធ្វើការងារដោយអស់ពីចិត្តថ្លើម ក្រោមគំនិតផ្តួចផ្តើមរវាងរាជរដ្ឋាភិបាលកម្ពុជា សភាកម្ពុជា និងអង្គការ UPF អោយកាន់តែជោគជ័យ និងល្អប្រសើរ ។

សូមជម្រាបផងដែរថា កម្ពុជានឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលគណៈកម្មាធិការរៀបចំនៃព្រះរាជាណាចក្រកម្ពុជា និងសហការជាមួយសហព័ន្ធសន្តិភាពសកល (UPF) រៀបចំកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២២ ដែលមានគោលបំណងលើកកម្ពស់សន្តិភាព ការផ្សះផ្សារនិងការអភិវឌ្ឍ នៅអាស៊ី ឦសាន ដោយផ្តោតលើសន្តិភាពនៅឧបទ្វីបកូរ៉េជាពិសេស និងសន្តិភាពពិភពលោកជារួម៕