ឯកឧត្តម សួស យ៉ារ៉ា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលវគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពមន្ត្រីគណបក្ស


នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានទី១ គណៈទាក់ទងបរទេស គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា ចូលវគ្គបណ្តុះបណ្តាលស្តីពីការកសាងសមត្ថភាពមន្ត្រីគណបក្សក្រោមប្រធានបទ៖១. ការប្រឈមចំពោះភូមិសាស្ត្រនយោបាយ របស់ប្រទេសចិនក្នុងដំណាក់កាលបច្ចុប្បន្ន ២. ទស្សនវិស័យនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ និង ៣. លទ្ធផលសំខាន់ៗ នៃសន្និបាតពេញអង្គលើកទី៦ របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១៩។
ឯកឧត្តម សួស យ៉ារ៉ា បានចូលរួមថ្លែងនៅក្នុងកម្មវិធីបើកនៃវគ្គបណ្តុះបណ្តាលតាមប្រព័ន្ធនិមិត្ម ដែលរៀបចំឡើងដោយក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន។ ពីធីបើកនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម Guo Yezhou អនុរដ្ឋមន្ត្រីនៃក្រសួងទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ព្រមទាំងមានការចូលរួមពីមន្ត្រីនៃក្រសួង សាស្ត្រាចារ្យ និងអ្នកជំនាញមកពីបក្សកុម្មុយនីស្តចិន និងគណបក្សប្រជាជនកម្ពុជា។
ឯកឧត្តម សួស យ៉ារ៉ា ក៏បានពាំនាំនូវការសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ប្រធានគណៈទាក់ទងបរទេស គណបក្សប្រជាជនកម្ពុជា ជូនចំពោះ ឯកឧត្តម សុង ថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជូន ឯកឧត្តម Guo Yezhou ព្រមទាំងសហការីដែលមានវត្តមានក្នុងពិធីនេះផងដែរ។
ឯកឧត្តម សួស យ៉ារ៉ា ក៏បានបញ្ជាក់ដែរថា កម្ពុជា និងចិនបានធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន ដើម្បីផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដូចជាតាមរយៈការចុះហត្ថលេខាលើភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ឆ្នាំ២០១០ ផែនការសកម្មភាពដើម្បីបង្កើតសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ឆ្នាំ២០១៩ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ខែតុលា ឆ្នាំ២០២០។ ឯកឧត្តម សួស យ៉ារ៉ា ជឿជាក់ថាវគ្គបណ្តុះបណ្តាលនេះនឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់បន្ថែមទៀតនូវការស្វែងយល់ពីគ្នា ការចែករំលែកចំណេះដឹងអំពីការពង្រឹង និងការកសាងទំនាក់ទំនងរវាងគណបក្សទំាងពីរ។