សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ផ្ញើសារលិខិតជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ក្នុងឱកាសថ្ងៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន


(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រីង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ផ្ញើសារលិខិតជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

សារលិខិតរបស់ សម្ដេចចៅហ្វាវាំង មានខ្លឹមសារថា៖ «នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារ ព្រះបរមរាជវាំងទាំងអស់ ខ្ញុំបាទសូមចូលរួមសម្តែងនូវអំណរសាទរ និងសូមគោរពជូនសព្ទសាធុការពរ ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត»។

«ខ្ញុំបាទសូមគោរពអនុញ្ញាតសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាស្រ្តីខ្មែរដ៏ឆ្នើមមួយរូប បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសកម្មភាពមនុស្សធម៌ប្រកបដោយសុច្ឆន្ទៈ មានមនសិការស្នេហាជាតិ មាតុភូមិ និង ប្រជារាស្ត្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់អំពីទុក្ខលំបាក ជីវភាពរស់នៅ និងសុខុមាលភាព ជាក្តីសង្ឃឹម របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗគ្រប់កាលៈទេសៈ»។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ «ខ្ញុំបាទសូមបួងសួងដល់គុណបារមីទេវតាគ្រប់ព្រះអង្គ គុណបុណ្យ ព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទានប្រោះព្រំនូវ ទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបតែ នឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបានជោគជ័យថ្មីៗទៀត ក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា តរៀងទៅ»៕

ខាងក្រោមនេះ សារលិខិតរបស់ សម្ដេចចៅហ្វាវាំង ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖