សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា នឹងធ្វើអ្វីៗតាមធម្មនុញ្ញអាស៊ានអនុញ្ញាត មិនបំពានឡើយ


(ភ្នំពេញ)៖ ស្របពេលដែលឆ្នាំ២០២២ ជាវេលាដែលកម្ពុជាត្រូវធ្វើជាប្រធានអាស៊ានវិលជុំនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ បានអះអាងថា សម្ដេចនឹងធ្វើអ្វីៗទៅតាមធម្មនុញ្ញអាស៊ានអនុញ្ញាតតែប៉ុណ្ណោះ មិនបំពាននោះឡើយ។

ក្នុងឋានៈជាប្រធានអាស៊ាន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទៀតថា នៅពេលក្លាយជាប្រធានអាស៊ាន ហើយមិនអញ្ជើញសមាជិកអាស៊ានចូលរួមប្រជុំ ឲ្យបានគ្រប់ចំនួននោះ គឺជារឿងមិនត្រឹមត្រូវនោះឡើយ ហើយនៅពេលសមាជិកអាស៊ានមិនគ្រប់១០ប្រទេស ក៏មិនហៅថា អាស៊ាននោះដែរ។

ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ពាក់ព័ន្ធការធ្វើជាប្រធានអាស៊ាននេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញសម្ពោធសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដ៏សែនប្រណិត តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង។

បើទោះបីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ហាក់មានភាពទូលំទូលាយរឿងគោរពទៅតាមធម្មនុញ្ញអាស៊ាននោះ ប៉ុន្ដែគេអាចសន្និដ្ឋានបានថា សម្ដេចចង់ឆ្លើយតបទៅនឹងការតិះទានចំពោះការប្រកាសរបស់សម្ដេច ដែលនឹងអញ្ជើញឯកឧត្តម មីង អោងឡាំង មេដឹកនាំមីយ៉ាន់ម៉ា ឬភូមា មកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជានឹងធ្វើជាម្ចាស់នៅឆ្នាំ២០២២។

នាយករដ្ឋមន្ដ្រីដ៏មានឥទ្ធិពលរបស់កម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «មិនអាចទៅរួចនោះទេ បើនៅតែអាស៊ាន៩នោះ ត្រូវសង្គ្រោះពីអាស៊ាន៩ ឲ្យមកអាស៊ាន១០ គឺជារឿងចាំបាច់បំផុតរបស់អាស៊ាន។ សភាពការណ៍មីយ៉ាន់ម៉ា គឺជារឿងមួយហើយ ប៉ុន្ដែមុននឹងជួយមីយ៉ាន់ម៉ា ត្រូវមានអាស៊ានពិតប្រាកដ រឿងនេះមិនមែនជារឿងលេងសើចនោះទេ បើមិនដូច្នេះនឹងបង្កើតទម្លាប់ដ៏មានគ្រោះថ្នាក់មួយ គឺអ្នកធ្វើប្រធានអាស៊ាន មិនពេញចិត្តអ្នកណាមួយ មិនអញ្ជើញគេចូលប្រជុំវាមិនហៅថាអាសា៊ន តម្លៃអាស៊ាននៅកន្លែងណាទៀត?»

សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា «មនុស្សមួយចំនួនចូលជេរខ្ញុំតាមហ្វេសបុក ជេរចុះ ខ្ញុំធ្វើអ្វីដែលធម្មនុញ្ញអាស៊ានអនុញ្ញាត ខ្ញុំមិនអាចបំពានទេ»

គួរជម្រាបថា រដ្ឋធម្មនុញ្ញអាស៊ាន ត្រូវបានអនុម័ត និងចូលជាធរមាននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ ដោយការជួបជុំគ្នានៃមន្ត្រីការបរទេសរបស់ប្រទេសអាស៊ានទាំង១០ នៅអគ្គលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ក្រោមការសហការគ្នារបស់មេដឹកនាំទាំង១០ប្រទេសរបស់អាស៊ាន ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៣ ឆ្នាំ២០០៧ ក្នុងប្រទេសសិង្ហបុរី។

រដ្ឋធម្មនុញ្ញអាស៊ាន គឺជាគ្រឹះរបស់អាស៊ាន ក្នុងការបង្កើតសហគមន៍អាស៊ាន ហើយមានជាការរៀបរៀងជាក្របខ័ណ្ឌអាស៊ាន ច្បាប់អាស៊ាន តម្លៃរបស់អាស៊ាន ការកំណត់គោលដ៏ច្បាស់លាស់របស់អាស៊ាន និងឲ្យភាពមានទំនួលខុសត្រូវដែលអនុលោមទៅតាមច្បាប់អាស៊ាន។ ធម្មនុញ្ញអាស៊ាន បានក្លាយទៅជាកិច្ចព្រមព្រៀងជាប់កាតព្វកិច្ចស្របច្បាប់មួយរបស់សមាជិកអាស៊ាន ទាំង១០ប្រទេស។

ពាក់ព័ន្ធរឿងរ៉ាងរបស់មីយ៉ាន់ម៉ា ឬភូមាវិញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ ខាងមុខនេះ ដើម្បីត្រួសត្រាយផ្លូវឆ្ពោះទៅរកវឌ្ឍនភាព នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់អាស៊ាន។

ការអញ្ជើញទៅទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅដើមខែមករា ឆ្នាំ២០២២ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា ស្របពេលដែលប្រទេសកម្ពុជា នឹងធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។

មីយ៉ាន់ម៉ាកំពុងប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី កាលពីថ្ងៃទី០១ ខែកុម្ភៈ បន្ទាប់ពីបោះឆ្នោត។

លោកស្រី អោងសាន ស៊ូជី ប្រធានគណបក្សប្រជាធិបតេយ្យ និងមេដឹកនាំកំពូលបក្សនេះមួយជំនួន ត្រូវបានចាប់ឃុំខ្លួន។ តុលាការមីយ៉ាន់ម៉ា កាលពីពេលថ្មីៗនេះ បានផ្តន្ទាទោសលោកស្រី ដាក់ពន្ធនាគាររយៈពេល០៤ឆ្នាំ ពីបទញុះញង់ឲ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់ COVID-19។ ទោះជាយ៉ាងនេះក្តី ប្រមុខរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានស្នើឲ្យបន្ធូរបន្ថយទោសជាប់ពន្ធនាគាររបស់លោកស្រី អោង សាន ស៊ូ ជី មកនៅត្រឹម ០២ឆ្នាំវិញ។

អំឡុងពេលមានបញ្ហាផ្ទៃក្នុងជិតមួយឆ្នាំមកនេះ មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ដាច់ធ្វើឲ្យអាស៊ានមិនអាចស្វែងរកនូវកុងសង់ស៊ីសរបស់ខ្លួនបាន។

ដោយសារអវត្តមាននៅឆ្នាំ២០២១ ក្នុងកិច្ចប្រជុំកំពូលអាស៊ានរបស់មីយ៉ានម៉ានេះហើយ សម្ដេចតេជោ ហ៊ុន សែន ដែលទើបទទួលបានញញួរដើម្បីធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ បានអះអាងថា មិនឲ្យកើតមានស្ថានភាពបែបនេះនោះឡើយ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។