សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម


នៅរសៀលម៉ោង១៤:៣០ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម វ៉ូ ម៉ៅ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា និង គណៈប្រតិភូ ចូលជួបសម្តែងការគួរសមនៅសណ្ឋាគារ Melia ទីក្រុងហាណូយ។ ក្នុងជំនួបសម្តែងការគួរសមនេះ សម្តេចប្រធាន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា ដែលសមាគមសម្រេចបាននាពេលកន្លងមក ជាពិសេសដែលបានរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ទំនង មិត្តភាព សាមគ្គីភាព ជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា។
ជាមួយគ្នានោះ លោក វ៉ូ ម៉ៅ ប្រធានសមាគមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានដែលបានឆ្លៀតពេលវេលាដ៏មមាញឹកក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាព រយះពេល ៣ ថ្ងៃនៅវៀតណាម អនុញ្ញាតឲ្យគណៈប្រតិភូសមាគមរបស់លោកបានចូលជួបសម្តែងការគួសម នាពេលនេះ ។
សម្តេចប្រធាន បានលើកទឹកចិត្តដល់សមាគមិត្តភាពវៀតណាម-កម្ពុជា និងសមាគមមិត្តភាព កម្ពុជា-វៀតណាម បន្តសហការគ្នាឲ្យកាន់តែសកម្មថែមទៀត ដើម្បីបន្តការពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរជានិច្ចនិរន្ត។