ឯកឧត្ដមបណ្ឌិត ហង់ជួន ណារ៉ុន អញ្ជើញចូលរួមពិធីបើក ពិព័រណ៍ជំនាញសិក្សា និងការងារ ឆ្នាំ២០១៧


រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា មាន​ការ​ប្រារព្ធ​ពិធី​បើក ពិព័រណ៍​សិក្សា និង​ការងារ ឆ្នាំ​២០១៧ ក្រោម​អធិបតី​ភាព​ឯក​ឧត្ដម​បណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្ដម William A. Heidt ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា ព្រម​ទាំង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រី​អប់រំ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រធាន​សមាគម FUSAAC វាគ្មិន ក្រុម​និស្សិត​ស្ម័គ្រចិត្ត និង​សិស្សានុសិស្ស​ថ្នាក់​ទី​១០ ដល់​ថ្នាក់​ទី​១២ ប្រមាណ​ជាង​ពីរ​ពាន់​បួន​រយ​នាក់ ។
ពិព័រណ៍​ជំនាញ​សិក្សា និង​ការងារ គឺជា​កម្មវិធី​ដែល​រៀបចំ​ឡើង​ដោយ FUSAAC ក្នុង​គោល​បំណង​ជួយ​ដល់​សិស្សានុសិស្ស​ទាំងឡាយ​ក្នុង​ការសម្រេច​ចិត្ត​លើ​មាគ៌ា​ដ៏​ត្រឹមត្រូវ​មួយ​សម្រាប់​ការ​ជ្រើសរើស​ជំនាញ​សិក្សា និង​អាជីព​នា​ថ្ងៃ​អនាគត ។