អគាររដ្ឋបាលសភាថ្មីរបស់រដ្ឋសភា ត្រូវបានរៀបចំពិធីបឋមសិលាសាងសង់ ក្រោមអធិបតីភាពសម្តេច ហេង សំរិន និងលោក ង្វៀង ស៊ួនហ្វុក


អគាររដ្ឋបាលថ្មីរបស់រដ្ឋសភា ដែលជាជំនួយរបស់វៀតណាម ត្រូវបានរៀបចំពិធីចុះបឋមសិលាសាងសង់ នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងលោក ង្វៀង ស៊ួនហ្វុក ប្រធានាធិបតីវៀតណាម។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានឱ្យដឹងថា អគារដែលត្រូវបានរៀបចំសាងសង់នេះ ជាជំនួយឥតសំណងរបសរដ្ឋាភិបាលវៀតណាម ជូនរាជរដ្ឋាភិបាលកម្ពុជា អំឡុងទស្សនកិច្ចលោក ង្វៀន ភុជុង អគ្គលេខាធិការនៃបក្សកុម្មុយនីស្តវៀតណាម កាលពីខែកក្កដា ឆ្នាំ២០១៧។ ការសាងសង់អគារ រដ្ឋបាលថ្មីនៃរដ្ឋសភាកម្ពុជា មានតម្លៃសំណង់ប្រមាណ ២៥លានដុល្លារ។

អគាររដ្ឋបាលថ្មី នៃរដ្ឋសភា ដែលកំពុងធ្វើពិធីបញ្ចុះបឋមសិលាពេលនេះត្រូវសាងសង់លើផ្ទៃដីទទឹង ២៧ម និងបណ្តោយ ៤៩ម កំពស់ ១២ជាន់ រាប់ពីជាន់ទី១ខាងក្រោមទៅ។ ប៉ុន្តែនៅក្រោមសំណង់លើដី ១២ជាន់នេះ បានសង់ចំណតរថយន្ត២ជាន់ទៀត ដែលអាចផ្ទុករថយន្តបានប្រមាណ ២៦០គ្រឿងជាបន្ថែមទៀត។

ឯកឧត្តម ឡេង ប៉េងឡុង សង្ឃឹមថា អគារនេះនឹងសាងសង់បានតាមការកំណត់ មានគុណភាពនិងមាំ មានសោភ័ណភាពឆើតឆាយ គួរឲ្យចាប់អារម្មណ៍ហើយយើងខ្ញុំជឿជាក់ថា អគារដ៏ស្កឹមស្កៃនេះនឹងបានក្លាយជានិមិ្មត្តរូបនៃមិត្តភាព រវាងប្រជាជាតិកម្ពុជានិងប្រជាជាតិវៀតណាមជាមិត្តភាព ដ៏រឹងមាំដ៏ល្អផូផង់និងជាទ្រព្យសម្បតិ្តដ៏ថ្លៃថ្លាបំផុត របស់ប្រជាជាតិទំាងពីរហើយដែលប្រជាជាតិ ទំាងពីរខិតខំថែរក្សាជារៀងដ៏រាបតទៅ៕