ប្រជាពលរដ្ឋក្រីក្រ នៅសង្កាត់ឪឡោក ខណ្ឌកំបូល ទទួលអំណោយសប្បុរសធម៌សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត


អនុវត្តន៍តាមផែនការណែនាំជាប់ជាប្រចាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់អនុវត្តន៍អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃ៧រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ២០២១ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌ កំបូល និងលោក ស្វាយ ធួន តំណាងក្រុមប្រឹក្សាខណ្ឌ រួមជាមួយលោកស្រី អភិបាលរងខណ្ឌ នាយករងរដ្ឋបាល និងមន្ត្រីសាលាខណ្ឌ សហការជាមួយសង្កាត់ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ជូនតាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋ លោកតា លោកយាយ ចាស់ជរាដែលមានជីវភាពខ្វះខាត ក្នុងរដូវត្រជាក់ធ្លាក់ខ្យល់ចំនួន ១១០គ្រួសារ ស្ថិតក្នុងសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

អំណោយដែលបានចែកជូនក្នុងមួយគ្រួសាររួមមាន៖ -អង្ករ២៥គីឡូក្រាម, ត្រីខកំប៉ុង១យួរ ,ទឹកត្រី១យួរ, ភួយចំនួន១ ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ឃឹម ស៊ុនសូដា បានជម្រាបជូនដល់ប្រជាពលរដ្ឋ លោកតា លោកយាយ ត្រូវបន្តអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” របស់ប្រមុខរាជ រដ្ឋាភិបាល និងវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

លោកបន្ដថា ក្នុងនាមអាជ្ញាធរដែនដី លោកក៏បានជំរុញដល់មន្ត្រី និងសមត្ថកិច្ចមូលដ្ឋាន ឱ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ ដើម្បីផ្តល់នូវសុខសុវត្ថិភាព ភាពសុខដុម និងទំនុកចិត្តប្រកបដោយភាពកក់ ក្តៅ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់៕