អគ្គរដ្ឋទូតឡាវចប់អាណត្តិ អរគុណកម្ពុជាដែលជួយគាំទ្រឡាវគ្រប់កាលៈទេសៈ ជាពិសេសជំនួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩


លោក អាំផៃ ឃីនដាវង្ស (Amphay Kindavong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅកម្ពុជាដែលត្រូវចប់អាណត្តិ បានថ្លែអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយគាំទ្រប្រទេសឡាវគ្រប់កាលៈទេសៈ កន្លងមកនេះ ជាពិសេសនៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ដែលកម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សាំង និងសម្ភារៈ បរិក្ខាពេទ្យដល់ឡាវជាបន្តបន្ទាប់ បើទោះបីកម្ពុជាមានតម្រូវការ និងភាពចាំបាច់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យ៉ាងណាក្តី។

ការថ្លែងអំណរគុណរដ្ឋាភិបាលកម្ពុជាបែបនេះរបស់ឯកអគ្គរដ្ឋទូត ដែលត្រូវចប់អាណត្តិ បានធ្វើឡើងនៅក្នុងឱកាសដែលលោកត្រូវបាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ។

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងបេសកកម្មការទូតរបស់លោកនៅកម្ពុជា ក្នុងរយៈពេល៣ឆ្នាំមកនេះ ដែលបាននំាមកនូវសមិទ្ធផលយ៉ាងច្រើន និងបានរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងបក្ស រាជរដ្ឋាភិបាល និងប្រជាជនទាំងពីរកម្ពុជា-ឡាវ។

សម្តេចបានគូសបញ្ជាក់ថា ថ្វីបើក្នុងអាណតិ្តការទូតរបស់លោកអគ្គរដ្ឋទូត នៅកម្ពុជាត្រូវរំខានដោយវិបត្តិសកលនៃជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ ក៏កិច្ចសហប្រតិបត្តិការទ្វេរភាគីនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ នៅតែប្រព្រឹត្តទៅយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបន្តថា ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចពេញចិត្តចំពោះផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការនានា របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដែលបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

លោក អាំផៃ ឃីនដាវង្ស បានគាំទ្រប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។ លោកបានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អ នៅក្នុងការចូលរួមចំណែកដល់បេសកកម្មការទូតរបស់លោកឱ្យទទួលបានជោគជ័យយ៉ាងធំធេង។

លោកបានលើកឡើងថា ទោះបីនៅក្នុងកាលៈទេសៈដែលជំងឺកូវីដ១៩ បានរាតត្បាត នៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោកយ៉ាងណាក្តី តែលោកបានខិតខំជំរុញ និងលើកកម្ពស់ឱ្យមានដំណើរទស្សនកិច្ច រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ បន្តបន្ទាប់ តាមដែលអាចធ្វើបាន ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិជាព្រពៃណី និងបងប្អូនរវាងប្រទេស និងប្រជាជន ឱ្យបានកាន់តែមានភាពរឹងមាំឡើងជាលំដាប់។

ឯកអគ្គរដ្ឋទូត «បានថ្លែងអំណរគុណចំពោះរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានគាំទ្រប្រទេសឡាវនៅគ្រប់កាលៈទេសៈ ដោយឡែកនៅក្នុងឱកាសដែលជំងឺកូវីដ១៩ រាតត្បាតនេះ កម្ពុជាបានផ្តល់ជំនួយជាម៉ាស វ៉ាក់សាំង និងសម្ភារៈ បរិក្ខាពេទ្យដល់ប្រទេសឡាវផងដែរ ទោះបីកម្ពុជាមានតម្រូវការ និងភាពចាំបាច់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ យ៉ាងណាក្តី។ ជាពិសេសនៅក្នុងដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីឡាវ មកកម្ពុជានាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ថវិកា១៣លានដុល្លារ និងសម្ភារពេទ្យជាច្រើនដល់ប្រទេសឡាវ»

បន្ថែមពីនេះ ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា តាមរយៈក្រុមមិត្តភាពសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហារូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ បានមកសិក្សានៅកម្ពុជា។ លោក អាំផៃ ឃីនដាវង្ស បានគូសបញ្ជាក់ថា ទោះបីលោកត្រូវចាកចេញពីកម្ពុជា ទៅបំពេញភារកិច្ចថ្មីក្តី តែលោកនឹងនៅភ្ជាប់ទំនាក់ទំនងល្អជាមួយកម្ពុជា ហើយនឹងខិតខំកៀរគរប្រជាពលរដ្ឋឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ជាប្រធានប្តូរវេនអន្តរសភាអាស៊ាន និងជាប្រធានអាស៊ាន។ សម្តេចសង្ឃឹមថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីនៅលើឆាកអន្តរជាតិដ៏មានសារៈសំខាន់របស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាពប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូល៕