ឯកឧត្ដមវេជ្ជបណ្ឌិត សុះ មុះសិន បានប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជំនាញអង់គ្លេស និងកំព្យូទ័រចំនួន១០០នាក់ ស្ថិតនៅស្រុកឆ្លូង ខេត្តក្រចេះ


ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិកគណៈកម្មការទី៨ នៃរដ្ឋសភា អនុប្រធានគណៈចលនាសាសនិកឥស្លាម នៃគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈចលនាយុវជន នៃចលនាមហាជន របស់គណបក្សប្រជាជនកម្ពុជា ជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា រួមដំណើរដោយ ឯកឧត្តមបណ្ឌិត ពាស់ មុស្លិម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យូសុះ អាលីយ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្តក្រចេះក្រុមការងារនិស្សិតមុស្លិមកម្ពុជា យុវជន ស.ស.យ.ក ខេត្តក្រចេះ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះផ្សព្វផ្សាយប្រវិធានការ ការពារជំងឺកូវីដ១៩ ជួបសំណេះសំណាល និងប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមចំនួន ១០០នាក់ ដែលបានបញ្ចប់ការសិក្សាវគ្គជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ។
ឯកឧត្តមវេជ្ជ. សុះ មុះសិន បានជម្រាបជូនថា មួយរយៈពេលកន្លងមកនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញសេចក្ដីប្រកាសថាជំងឺកូវីដ១៩ ឥឡូវនេះបានបំប្លែងខ្លួនថ្មី ទៅជាជំងឺមួយទៀតដែលមានឈ្មោះថា OMICRON (អូមីក្រុង) ឬហៅកាត់ VOV ជំងឺនេះវាមានឥទ្ធិពលខ្លាំងដែលអាចឆ្លងលឿន និងអាចសម្លាប់មនុស្ស បានរហ័សជាងជំងឺកូវីដ១៩ និងជំងឺកូវីដ១៩ Delta ហើយប្រទេសជាច្រើន ក៏មានអ្នកឆ្លងជំងឺ OMICRON (អូមីក្រុង) នេះផងដែរ ។ឯ,ឧ ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាពឲ្យបានល្អដោយត្រូវរស់នៅធម្មតា តាមបែបគន្លងថ្មី និងចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និង២ចូលរួមទាំងអស់គ្នា ។ឯ,ឧ បានឲ្យដឹងថាវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស ជាគម្រោងផ្នែកអភិវឌ្ឍន៍ធនធានមនុស្សមួយដ៏សំខាន់ ដើម្បីបង្កលក្ខណៈងាយដល់ប្អូនៗ ជំនាន់ក្រោយទទួលបានការបណ្តុះបណ្តាលជំនាញទាំងនេះសម្រាប់ប្អូនៗ ដែលជាសិស្សានុសិស្ស និងអ្នកគ្មានជំនាញនេះ អាចចាប់យកចំណេះដឹងមូលដ្ឋានទាំងនេះទៅប្រើប្រាស់ក្នុងជីវភាពការងារ និងស្រាវជ្រាវក្នុងបរិបទសង្គម និងសកលភាវូបនីយកម្ម ផ្នែកបច្ចេកទេសព័ត៌មានវិទ្យា ក្នុងគោលបំណងផ្តល់ ចំណេះដឹងមូលដ្ឋាន និងជំនាញដើម្បីលើកកម្ពស់ឲ្យកាន់តែប្រសើរបន្ថែមទៀត ។
ឯកឧត្តមវេជ្ជ. សមាជិករដ្ឋសភា បានបន្ដទៀតថា គម្រោងវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេស មានរយៈ ពេល ១២ខែ ដោយចែកចេញជា២ វគ្គក្នុង១វគ្គមានរយៈពេល ៦ខែ ហើយត្រូវបានចំណាយថវិកាអស់ជិត១ម៉ឺន ៤ពាន់អឺរ៉ូ ក្នុងមួយឆ្នាំៗទៅលើប្រាក់បៀវត្សរ៍គ្រូបង្រៀនចំនួន ២នារីអ្នកសម្របសម្រួលនិងជំនួយការ ការប្រើប្រាស់ចរន្តអគ្គីសនី ការជួសជុល ការថែទាំសម្ភារៈ និងម៉ាស៊ីនកុំព្យូទ័រព្រមទាំងការចំណាយរដ្ឋបាលផ្សេងៗទៀត ។សរុបជាថវិកាទាំង ១១វគ្គអស់ប្រមាណជាង ១៥ម៉ីន អឺរ៉ូ ប្រហែលជិត ២០ម៉ីនដុល្លារអាមេរិក ចំណែកសិក្ខាកាមដែលបានបញ្ចប់ការសិក្សាទាំង១១វគ្គមានចំនួន ១ពាន់ ៩៩៨នាក់ ។ឯ,ឧ បានបន្ថែមទៀតថា វគ្គបណ្តុះបណ្តាលនេះបានអនុវត្តយូរឆ្នាំមកហើយនៅទីតាំងខុសៗគ្នា មានដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តក្រចេះ ហើយថ្ងៃនេះគឺជាលើកទី១១ វគ្គបណ្ដុះបណ្ដាលនេះក្រោមជំនួយឧបត្ថម្ភ និងកិច្ចសហប្រតិបត្តិការរវាងអង្គការជំនួយមនុស្សធម៌អន្តរជាតិ Muslimhelfen នៅប្រទេសអាល្លីម៉ង់ នឹងសមាគមនិស្សិតមុស្លីមកម្ពុជាបានទទួលវគ្គបណ្តុះបណ្តាលជំនាញកុំព្យូទ័រ និងភាសាអង់គ្លេសដោយឥតគិតថ្លៃដល់សិស្សានុសិស្សផងដែរ ៕