ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល បានបន្តចុះជួបសំណេះសំណាល និងពង្រឹងការងារគណបក្សជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាល


ព្រឹកថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន សមាជិកគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្ដាល បានបន្តចុះជួបសំណេះសំណាល និងពង្រឹងការងារគណបក្សជាមួយសមាជិកក្រុមប្រឹក្សាឃុំ ក្នុងស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាល ។ ប្រសាសន៍សំខាន់ៗរបស់ ឯកឧត្ដមកិត្តិសង្គហបណ្ឌិត រួមមាន ៖ ការរៀបចំអ្នកបន្តវេនរបស់គណបក្សគឺជាការគិតគូវែងឆ្ងាយ និងម៉ត់ចត់សម្រាប់បក្សបន្តដឹកនាំប្រទេសជាបន្តទៀត ។ មានសន្តិភាព ទើបយើងមានអ្វីៗដូចសព្វថ្ងៃ យើង ត្រូវអរគុណសន្តិភាព និងការពារសន្តិភាព ។ សន្តិភាពដែលយើងកំពុងមាននៅទូទាំងប្រទេស គឺបានមកពីនយោបាយឈ្នះៗរបស់សម្ដេចតេជោ ដែលសម្ដេចបានយកជីវិតជាដើមទុនក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយខ្មែរក្រហម ។ សមាជិកក្រុមប្រឹក្សាឃុំ ទោះបន្តជាប់ឈ្មោះ ជាបេក្ខជន ឬមិនជាប់ក្ដី ត្រូវតម្កល់ផលប្រយោជន៍បក្សជាធំ និងបន្តធ្វើសកម្មភាពរួមគ្នាដើម្បី បក្សបន្តឈ្នះ បក្សមិនដែលបោះបង់បងប្អូនណាម្នាក់ទេ បើបងប្អូនមិនប្រព្រឹត្តខុសលក្ខន្តិកៈបក្ស ។ ការឃោសនាក្នុងការបោះឆ្នោតឆ្នាំ ២០២២ ខាងមុខ ត្រូវផ្ដោតសំខាន់លើសមិទ្ធផល ដែលបក្សសម្រេចបានជាប្រវត្តិសាស្រ្តជាច្រើនតាំងពីថ្ងៃ ៧មករា ១៩៧៩មក ពិសេសការកសាងបានសន្តិភាពទូទាំងប្រទេស និងជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលបានការពារអាយុជីវិត និងមុខរបររបស់ប្រជាពលរដ្ឋ ។ បន្តជំរុញអនុវត្តឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដែលត្រូវធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ។ ទិដ្ឋភាពនយោបាយបច្ចុប្បន្នទោះបីគណបក្សយើងជាបក្សកាន់ អំណាច និងជាគណបក្សធំក៏ដោយ យើងមិនត្រូវធ្វេសប្រហែស ឬមើលស្រាលគូប្រកួតប្រជែង ឡើយ ទោះបីបក្សខ្លះកំពុងមានជម្លោះផ្ទៃក្នុងក៏ដោយ ត្រូវចាំបក្សណាក៏កើតចេញពីបក្សតូចទៅដែរ សំខាន់ការអូសទាញសមានចិត្តគាំទ្រពីប្រជាពលរដ្ឋ ។