សម្ដេចចៅហ្វាវាំង គង់ សំអុល ផ្ញើសាររំលែកទុក្ខទេសរដ្ឋមន្ត្រី គន់ គីម ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង


(ភ្នំពេញ)៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងបរមរាជវាំង បានផ្ញើសាររំលែកទុក្ខជូនដល់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកជំទាវ គឹង ចាន់ឌី ចំពោះមរណភាពរបស់មហាឧបាសក ផឹង គឹង ដែលត្រូវជាឪពុកក្មេករបស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម។

សាររំលែកទុក្ខ បានសរសេរថា «តាងនាមមន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាល កំពុងបម្រើការងារ នៅក្រសួងព្រះបរមរាជវាំង ខ្ញុំមានសេចក្តីក្រៀមក្រំក្រៃលែង ដោយបានទទួលដំណឹងអំពី មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ជាឪពុកក្មេក ឪពុកបង្កើត របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ និង លោកជំទាវ ដែលបានទទួលមរណភាពនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ដោយជរាពាធ ក្នុងជន្មាយុ ៨២ឆ្នាំ»

ខ្ញុំ និងថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃក្រសួងព្រះបរមរាជវាំង សូមសម្តែងនូវការសោកស្តាយដ៏ជ្រាលជ្រៅ និងសូមចូលរួមរំលែកមរណទុក្ខជាមួយ ឯកឧត្តមនាយឧត្តមសេនីយ៍ លោកជំទាវ និងក្រុមគ្រួសារ ព្រមទាំងញាតិមិត្តទាំងអស់នៃសព។

ការចូលមរណភាពនៃមហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង ជាការបាត់បង់ឪពុក ឪពុកក្មេក និងជីតា ជីតាទួត ដែលប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ប្រពៃមួយរូប
និងជាការបាត់បង់កុលបុត្រដ៏ឆ្នើម ដែលជាពុទ្ធសាសនិកជនដ៏ខ្ជាប់ខ្ជួន ជាទីគោរពស្រឡាញ់នៃមហាជនទាំងពួង។

ខ្ញុំសូមសម្តែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ «មហាឧបាសកពុទ្ធសាសនូបត្ថម្ភ ផឹង គឹង និងសូមវិញ្ញាណក្ខន្ធមហាឧបាសកពុទ្ធសាសនូបត្ថម្ភ អញ្ជើញទៅកាន់សុគតិភព
កុំបីខានឡើយ។ សូម ឯកឧត្តមនាយឧត្តមសេនីយ៍ និង លោកជំទាវ ទទួលនូវការរាប់អានដ៏ស្មោះអំពីខ្ញុំ»