អភិបាលខេត្តកំពង់ចាម បន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រញាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឲ្យបានរួសរាន់


(កំពង់ចាម)៖ ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ សាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រញាប់ចាក់ វ៉ាក់សាំងដូសទី៣ (ដូសជំរុញ) ឱ្យបានរួសរាន់ ដើម្បីការពារសុខភាព កុំឱ្យឆ្លងជំងឺកូវីដ១៩ ជាពិសេសវីរ៉ុសបំលែងថ្មីប្រភេទអូមីក្រុង។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា រដ្ឋបាលខេត្តកំពង់ចាម មានក្តីបារម្ភដោយសារប្រជាពលរដ្ឋមួយចំនួនធំ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ដែលជាដូសជំរុញនៅឡើយ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមចាប់ពីអាយុ៥ឆ្នាំឡើងមានចំនួន៩៣ម៉ឺននាក់ ក្នុងនោះបើគិតពីអាយុ១៨ឆ្នាំឡើង មានចំនួនជាង ៧១ម៉ឺននាក់ ដែលបានចាក់វ៉ាក់សាំងដូសរួចមកហើយ។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ គិតមកដល់ពេលនេះ ទើបតែបានចំនួនជាង ២០ម៉ឺន នាក់ប៉ុណ្ណោះ គឺស្មើនឹង ៣០% ដែលការយឺតយ៉ាវនេះ ធ្វើឲ្យរដ្ឋបាលខេត្តមានការព្រួយបារម្ភ ខ្លាចផ្ទុះ ឆ្លងជំងឺកូវីដ១៩ ប្រភេទថ្មីកើតឡើងនៅក្នុងសហគមន៍។

ទន្ទឹមនឹងការអំពាវនាវនេះ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា បន្ទាប់ពីមានការឯកភាពគ្នា នៃអង្គប្រជុំគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក កាលពីថ្ងៃទី២៧ ឆ្នាំ២០២១ រដ្ឋបាលខេត្តបានសម្រេចដាក់វិធានការ ដោយបង្កើតក្រុម គ្រូពេទ្យ ចុះចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានតែម្ដង ដោយកិច្ចការនេះ រដ្ឋបាលខេត្តបានប្រគល់ជូន គណៈបញ្ជាការឯកភាពក្រុង ស្រុក ដោយមានការសម្របសម្រួលផែនការ ពីមន្ទីរសុខាភិបាលរដ្ឋបាល ខេត្តកំពង់ចាម ដើម្បីពន្លឿនការងារ ឱ្យប្រជាពលរដ្ឋក្នុងខេត្តទទួលបានការចាក់វ៉ាក់សាំងដូសទី៣ ឲ្យបានគ្រប់គ្នា មុនពេលមានផ្ទុះជំងឺកូវីដបំលែងថ្មី នៅក្នុងសហគមន៍ ខណ:ពេលរដ្ឋបាលខេត្តកំពុងគ្រប់គ្រងជំងឺឆ្លងនេះបានល្អ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើដល់មន្ត្រីរាជការក្នុងខេត្តទាំងអស់ សូមឲ្យខិតខំរៀនសូត្របន្ថែមទៀត ខិតខំពង្រឹងគុណភាព សមត្ថភាព និងភាពស្អាតស្អំ ជាពិសេសភាពជឿទុកចិត្តបាន នៃការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដើម្បីក្លាយខ្លួនទៅជាអ្នកបន្តវេនដ៏ល្អនាពេលខាងមុខ៕