សម្តេចតេជោ ហ៊ុន សែន ប្រកាសយកឆ្នាំ២០២២ ធ្វើកំណែទម្រង់គ្រប់គ្រងថវិកាសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ប្រើប្រាស់ថវិកា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ បានប្រកាសយកឆ្នាំ២០២២នេះ ជាការធ្វើកំណែទម្រង់ គ្រប់គ្រងថវិកាសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជាស្ដីអំពីការប្រើប្រាស់ថវិកា។

ការប្រកាសបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ចំណុចទីពីរ ដែលខ្ញុំចង់និយាយ ខ្ញុំយកឆ្នាំថ្មីនេះ ជំរុញកំណែទម្រង់ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអនុវត្តដោយម៉ឺងម៉ាត់នូវច្បាប់ និងបទបញ្ជាស្ដីអំពីការប្រើប្រាស់ថវិកា»

លើសពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យបណ្ដាស្ថាប័នជាតិទាំងអស់ ជាពិសេសគឺថ្នាក់ក្រោមជាតិ អនុវត្តដោយម៉ឺងម៉ាត់ នូវបទដ្ឋានទាក់ទង ជាមួយនឹងការគ្រប់គ្រងហិរញ្ញវត្ថុ។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្ដេចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើរបាយការណ៍អំពីបំណុល ដែលបណ្ដាខេត្តជំពាក់ក្រុមហ៊ុន លី ឈួង។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងក្រោមជាតិ ឲ្យបញ្ឈប់គម្រោងនានាជាមួយក្រុមហ៊ុន លី ឈួង ហើយបំណុលដែលមានត្រូវសង ក្នុងរយៈពេល២០ឆ្នាំ។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានព្រមានដកតំណែងអភិបាលខេត្តរូបណា ដែលបន្តធ្វើគម្រោងនានាជាក្រុមហ៊ុន លី ឈួង ផងដែរ។ សម្តេចតេជោ បានថ្លែងថា គម្រោងរបស់រដ្ឋ ដែលភាគច្រើនរបស់ខេត្ត ជាមួយក្រុមហ៊ុន លី ឈួង គឺជាទង្វើពុករលួយ។

គូសបញ្ជាក់ថា នៅឆ្នាំ២០២១កន្លងទៅនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ២,២៩៤លានដុល្លារ ស្មើនឹង៩៧.១០%ផែនការ។ ចំណែកឯកអគ្គនាយកដ្ឋានពន្ធដារ ប្រមូលបាន ២,៧៨១.៩២លានដុល្លារ លើសផែនការ២៤.០២% ស្មើនឹងទឹកប្រាក់៥៣៨លានដុល្លារ៕

បើតាមសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចំណាយថវិកា៨.៥ពាន់លានដុល្លារ កើនឡើង៨.៤% និងប្រមូលចំណូលឲ្យបាន៦.៣ពាន់លានដុល្លារ កើន១៩.៣%៕