ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី ដើម្បីពង្រឹងកិច្ចសហការប្រតិបត្តិការបន្ថែមទៀត


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាជាមួយ ឯកឧត្តមឧត្តមសេនីយ៍ឯក មែល វីនអុង អគ្គមេបញ្ជាការកងទ័ពសិង្ហបុរី តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងអគ្គមេបញ្ជាការកងទ័ពសិង្ហបុរី បានផ្លាស់ប្តូរយោបល់ទៅវិញទៅមកអំពីការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល និងសម្រេចស្នាដៃធំធេង ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩។

មេបញ្ជាការកងទ័ពកម្ពុជា និង សិង្ហបុរី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ក្រោយពេលជំងឺកូវីដ-១៩ បានធូរស្រាល ។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញឯកឧត្តមឧត្តមសេនីយ៍ឯក មែល វីនអុង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមិនា ឆ្នាំ២០២២ ខាងមុខនេះ៕