សម្តេច សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលមានរបៀបវារៈ៖
១ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើច្បាប់ ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៣ ។
២ ពិនិត្យ និងសម្រេចលើសំណើលេខៈ ០១២/១៧ គសរ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ របស់គណបក្ស សម រង្ស៊ី ។
៣ កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៣ ។
ចំពោះរបៀបវារៈទី១ បន្ទាប់ពីបានស្តាប់របាយការណ៍របស់ឯកឧត្តមប្រធានគណៈកម្មាការទី៦ អំពីលទ្ធផលនៃការពិនិត្យសិក្សា លើសេចក្តីស្នើច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងដោយអង្គប្រជុំមិនមានមតិពិភាក្សាបន្ថែម អង្គប្រជុំបានអនុម័តយល់ព្រម តាមសំណើរបស់គណៈកម្មការទី៦ ដាក់សេចក្តីស្នើច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣ ដោយចាត់ទុកជាការប្រញាប់។
ចំពោះរបៀបវារៈទី២ បន្ទាប់ពីបានស្តាប់របាយការណ៍ របស់ឯកឧត្តមអគ្គលេខាធិការ រាយការណ៍ជូន អំពីសំណើសុំការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី ផ្លាស់ប្តូរសមាសភាពក្នុងគណៈកម្មការទី១០ សមាសភាពក្រុមសមាជិកព្រឹទ្ធសភា (ក្រុមទី៦) របស់គណបក្ស សម រង្ស៊ី និងដោយបានស្តាប់មតិយោបល់របស់ ឯកឧត្តម ជា ជេដ្ឋ ពាក់ព័ន្ធការប្រកាសសុំប្តូរផ្លាស់សមាជិកព្រឹទ្ធសភា របស់គណបក្ស សម រង្ស៊ី អង្គប្រជុំក៏បានអនុម័តយល់ព្រមលើសេចក្តីព្រាង សេចក្តីសម្រេច និងដាក់ករណីប្រកាសទទួលស្គាល់ លោកជំទាវ គុណ លំអង ជាសមាជិកាព្រឹទ្ធសភាថ្មី នីតិកាលទី៣ មណ្ឌលភូមិភាគទី៤ (ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន) ទៅក្នុងរបៀបវារៈសម័យប្រជុំ លើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣។
ចំពោះរបៀបវារៈទី៣ អង្គប្រជុំបានអនុម័តយល់ព្រម លើកាលបរិច្ឆេទបន្តសម័យប្រជុំព្រឹទ្ធសភា នីតិកាលទី៣ នាថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:០០ព្រឹក ដែលមានរបៀបវារៈ៖
១. ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។
២. ពិនិត្យ និងអោយយោបល់លើសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។