ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់ប្រាក់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ក្រោយដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតកីឡាប៉េតង់នៅអេស្ប៉ាញ


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោកពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។

កីឡាការិនី អ៊ុក ស្រីមុំ បានបន្ថែមកំណត់ត្រាពិភពលោកថ្មីមួយទៀត បន្ដតំណែងវីរកីឡាការិនី កែ ឡេង ក្រោយដណ្ដើមបានមេដាយមាស នៃការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកពិភពលោកឆ្នាំ២០២១ នៅប្រទេសអេស្ប៉ាញ លើវិញ្ញាសាវាយយកពិន្ទុ(ផ្នែកនារី) កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ គឺជាការទទួលបានមេដាយមាសកម្រិតពិភពលោក៥សម័យកាលជាប់គ្នា សម្រាប់កីឡាការិនីកម្ពុជា លើការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុ។ ក្នុងនោះវីរកីឡាការិនី កែ ឡេង ធ្លាប់ឈ្នះ ៤សម័យកាលរួមមាន៖ ឆ្នាំ២០១៣ នៅបារាំង, ឆ្នាំ២០១៥ នៅថៃ, ឆ្នាំ២០១៧ នៅចិន និងឆ្នាំ២០១៩ នៅប្រទេសកម្ពុជា។

ការដណ្តើមបានមេដាយមាសពិភពលោករបស់វីរកីឡាការិនី អ៊ុក ស្រីមុំ ជាការបំបែកកំណត់ត្រាពិភពលោកនៃការបន្តឈ្នះរបស់កម្ពុជាចំនួន៥សម័យកាល បន្ទាប់ពីលោកស្រី កែ ឡេង ដោយមិនទាន់មានកីឡាការិនីប្រទេសណាដណ្តើមពីកម្ពុជាបានឡើយ។

សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់លើវិញ្ញាសាវាយពិន្ទុនៅប្រទេសអេស្បាញ បានដំណើរការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា។ កីឡាការិនី អ៊ុក ស្រីមុំ បានបញ្ចប់ការប្រកួតជម្រុះបឋមលើវិញ្ញាសាវាយយកពិន្ទុ ដោយឈរចំណាត់ថ្នាក់លេខ៣ ក្នុងចំណោមកីឡាការិនីខ្លាំងៗលើពិភពលោក ៣៦រូប។

បន្ទាប់មកកីឡាការិនី អ៊ុក ស្រីមុំ បានទម្លាក់កីឡាការិនីកាណាដា ក្នុងវគ្គ ៨នាក់ចុងក្រោយ ដោយពិន្ទុ ២៩-២ និងទម្លាក់កីឡាការិនីន័រវេស ដោយពិន្ទុ ២៥-១៨ មុនបន្ដយកឈ្នះកីឡាការិនីថៃ ដោយពិន្ទុ ៣៧-២៩ ដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង។ រីឯវិញ្ញសាក្រុមនារី ៣ ទល់ ៣ ក្រុមប៉េតង់កម្ពុជា បានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ។

សូមបញ្ជាក់ដែរថា វីរកីឡាការិនី អ៊ុក ស្រីមុំ ក៏ធ្លាប់ដណ្តើមបានមេដាយមាសពិភពលោកកាលពីឆ្នាំ២០១៧ផងដែរ តែ លើវិញ្ញាសាឯកត្តជន។ កីឡាប៉េតង់នេះ វីរកីឡាករ សុខ ចាន់មាន ក៏ធ្លាប់ដណ្តើមបានមេដាយមាសកម្រិតពិភពលោកនេះផងដែរលើវិញ្ញាសាឯកត្តជន។

សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ចំពោះកីឡាករ កីឡាការិនី ដែលជាតំណាងរបស់ជាតិ។ ដើម្បីលើកទឹកចិត្តដល់កីឡាករ និងកីឡាការិនី ដែលបានប្រឹងប្រែងហ្វឹកហាត់នោះ សម្តេចតេជោ បានចេញអនុក្រឹត្យដោយកំណត់ផ្តល់ប្រាក់រង្វាន់ប្រមាណ ៤០លានរៀល សម្រាប់កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយកម្រិតពិភពលោកលើការប្រកួតប៉េតង់នេះ។

កីឡាប៊ូល និងប៉េតង់ជាប្រភេទកីឡាមានសក្តានុពលក្នុងការដណ្តើមយកមេដាយ និងបង្ហាញនូវកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដោយចាប់តាំងពីការបង្កើតសហព័ន្ធរហូតមកដល់ឆ្នាំ២០២០ កម្ពុជាទទួលបានមេដាយកម្រិតអន្តរជាតិសរុបប្រមាណ ៣៧០គ្រឿង (មាស១០៨ ប្រាក់ ១៣១ និងសំរឹទ្ធិ ១៣១)។

សមិទ្ធផលដ៏ធំធេងនេះ បានមកពីការគាំទ្រយ៉ាងធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក៏ដូចជាការត្រួសត្រាយផ្លូវរបស់ថ្នាក់ដឹកនាំជំនាន់មុនដែលមានសម្តេចវិបុលបញ្ញាសុខ អាន ជាប្រធានសហព័ន្ធ និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងស្ថាបនិកជាច្រើនរូបទៀត ដែលបានលះបង់នូវកម្លាំងកាយចិត្ត ពេលវេលាដ៏មមាញឹក និងថវិកាផ្ទាល់ខ្លួនដើម្បីជំរុញឱ្យវិស័យកីឡាប៊ូល និងប៉េតង់ទទួលបានភាពល្បីល្បាញ និងការកោតសរសើរលើសកលលោក។

ទន្ទឹមនឹងនេះ ដើម្បីអភិវឌ្ឍវិស័យកីឡាប៊ូល និងប៉េតង់ប្រកបដោយនិរន្តរភាព គឺទាមទារឱ្យសម្ព័ន្ធ និងក្លិបកីឡាប៊ូល និងប៉េតង់រាជធានី-ខេត្ត ចូលរួមអនុវត្តតាមបទដ្ឋានបច្ចេកទេសទាំងការហ្វឹកហាត់ និងប្រកួត ការជ្រើសរើសធនធានកីឡាករ កីឡាការិនីប្រកបដោយសមត្ថភាព ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទីលានស្ដង់ដារ និងកម្មវិធីហ្វឹកហាត់ផ្សេងៗឱ្យស្របតាមលក្ខន្តិកៈ និងបទបញ្ជាបច្ចេកទេស៕