លោកតា លោកយាយ ចាស់ជរាគ្មានទីពឹងក្នុងខេត្តប៉ៃលិន ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរារបស់លោកជំទាវ បាន ស្រីមុំ អ៉ីឈាន


(ប៉ៃលិន)៖ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវ បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និជាអភិបាលខេត្តប៉ៃលិន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ បានដឹកនាំយុវជន ស.ស.យ.ក យុវជកាកបាទក្រហម និងក្រុមការងារមូលនីធិ ចុះជួបសំណេះសំណាល សួរសុខទុក្ខជាមួយលោកតា លោកយាយ ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភ ប្រចាំខែមករា ពីក្រុមការងាររបស់មូលនិធិនៅតាមគោលដៅទាំង៣។

ឯកឧត្តម សៅ សារ៉ាត់ បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវ បាន ស្រីមុំ ប្រធានមូលនិធិ ជូនដល់លោកតា លោកយាយ ចាស់ជរាទាំងអស់ ដែលជានិច្ច កាល ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូបគ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន។

នាឱកាសនោះ ឯកឧត្តមបានលើកឡើងថា មូលនិធិនេះបានបង្កើតឡើងក្នុងគោលបំណង និងទិសដៅជួយដល់លោកតា លោកយាយ ចាស់ជរាគ្មានទីពឹង មានជីវភាពខ្សត់ខ្សោយ និងមានអាយុចាប់ពី៧០ឆ្នាំឡើងទៅ ដែលពុំមានលទ្ធភាពអាចចេញទៅប្រកបមុខរបរដើម្បីចិញ្ជឹមជីវិតបាន ក៏ដូចជាការជួយលើកកំពស់កម្រិតជីវភាព និងបំប៉នថែរទាំសុខភាពលោកយាយលោកតា ដោយមិនប្រកាន់បក្សពួក និងនិន្នាការនយោបាយឡើយ ព្រោះមនុស្សចាស់ គឺមានគុណបំណាច់ធំធេងណាស់ ក្នុងការជួយអប់រំប្រៀនប្រដៅដល់កូនចៅជំនាន់ក្រោយៗឱ្យប្រព្រឹត្តិតែអំពើល្អ។

ឯកឧត្តម សៅ សារ៉ាត់ ក៏បានមានប្រសាសន៍អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តន៍នូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ «៣ការពារ និង៣កុំ»

សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់លោកយាយ លោកតា ក្រុមការងារមូលនិធិ ត្រូវបានបែងចែកជា ៣ក្រុម គឺក្រុមទី១ បើកផ្តល់ជូនលោកយាយលោកតានៅទីស្នាក់ការសាខាកាកបាទក្រហម ខេត្តប៉ៃលិន ក្រុមទី២ នៅសាលាឃុំអូរអណ្តូង និងក្រុមទី៣ នៅសាលាឃុំស្ទឹងត្រង់ ដោយមូលនិធិបានបើកផ្តល់ ប្រាក់ឧបត្ថម្ភប្រចាំខែដល់លោកតា លោកយាយ ចាស់ជរា ចំនួន ៦១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ១០ម៉ឺនរៀល៕