ប្រាក់កម្ចីជិត២០០លានដុល្លារពីសំណាក់មិត្តជប៉ុន ត្រូវបានចុះហត្ថលេខារួចហើយ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន


រដ្ឋាភិបាលជប៉ុន បន្តផ្តល់ប្រាក់កម្ចីដល់កម្ពុជាប្រមាណ ១៨៥លានដុល្លារបន្ថែមទៀត ជាមួយការប្រាក់ទាប ដើម្បីគាំទ្រការឆ្លើយតបវិបត្តិជំងឺកូវីដ១៩ក្នុងដំណាក់កាលទី២។ ពិធីចុះហត្ថលេខាប្រគល់ និងទទួលប្រាក់កម្ចីនេះត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ថវិកាកម្ចីនេះប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាប់ភាពក្រីក្រ, ចាស់ជរា, ស្ត្រី, កុមារ និងជនជាតិដើមភាគតិចជាដើម។

កាលពីឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីជាង ២៣៧លានដុល្លារផងដែរ ដើម្បីឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅកម្ពុជានេះ។ សរុបទាំងពីរលើកជប៉ុនផ្តល់កម្ចីដល់កម្ពុជាជាង ៤២០លានដុល្លារ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ថវិកាជាកម្ចីរបស់ជប៉ុនកាលពីឆ្នាំ២០២០ ជាង ២៣៧លានដុល្លារនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទាន់បានប្រើប្រាស់នៅឡើយទេ។

ក្រោមចំណងទំនាក់ទំនងដ៏ជ្រាលជ្រៅជប៉ុន គឺជាប្រទេសមួយ ដែលបានរួមចំណែកយ៉ាងច្រើនឆ្លើយតបនឹងវិបត្តិជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ រថយន្តសង្គ្រោះ ទូដាក់វ៉ាក់សាំង ព្រមទាំងបរិក្ខារពេទ្យជាច្រើនផ្សេងទៀត សរុបជាថវិកាជាង ៦០លានដុល្លារអាមេរិក។

ព្រឹត្តិការណ៍ឆ្លងរាតត្បាតជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានធ្វើឱ្យប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រកម្រិត១ និង២។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិ ជួយទ្រទ្រង់ជីវភាពរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩នេះប្រមាណ ២.៩លាននាក់ ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១មកម្ល៉េះ។

លោក ថេង បញ្ញាធន អគ្គនាយកផែនការនៃក្រសួងផែនការ ធ្លាប់បានឱ្យដឹងថា ចាប់ពីខែកក្កដា រហូតដល់ដំណាច់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានចំណាយថវិកាក្នុងរង្វង់ប្រមាណ ៥០០លានដុល្លារអាមេរិក សម្រាប់ជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និង២ ក៏ដូចជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺកូវីដ១៩។

ក្រៅតែពីជួយដល់ពលរដ្ឋក្រីក្រកម្រិត១ និងកម្រិត២ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ចេញកញ្ចប់ថវិកាជាតិ ដើម្បីបើកប្រាក់ឈ្នួលជូនកម្មករ កម្មការិនីក្នុងវិស័យកាត់ដេរ និងវេយណភណ្ឌ ក៏ដូចជាកម្មករ និយោជិតក្នុងវិស័យទេសចរណ៍ ទិញវ៉ាក់សាំង ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗជាច្រើនទៀត។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា វិបត្តិជំងឺកូវីដ១៩ បានធ្វើឱ្យកម្ពុជាចាយវាយថវិកាដែលសន្សំទុកអស់ប្រមាណ ២,៣០០លានដុល្លារអាមេរិក៕