ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២១ អនុវត្តន៍ការងារបានយ៉ាងល្អ ពិសេស ការទប់ស្កាត់ជំងឺកូវីដ-១៩ និងការរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ


ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្ដែងនូវការកោត សរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០២១នេះ បានពុះពារជម្នះរាល់ការ លំបាក ទាំងការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ប្រែក្លាយរាជធានីភ្នំពេញពីគ្រោះ អាសន្នមកមានភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃ ជាមួយនឹងការដោះស្រាយសង្គ្រោះ ប្រជា ពលរដ្ឋបានទាន់ពេលវេលាដែលបង្កមកពីទឹកជំនន់ ដោះស្រាយការកកស្ទះសំរាម ក្នុងពេល ដែលក្រុមហ៊ុនស៊ីនទ្រីមានបញ្ហា ហើយអ្វីដែលកាន់តែល្អថែមទៀតនោះគឺការរៀប ចំសណ្តាប់ ធ្នាប់បានយ៉ាងល្អទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងបែបនេះ នាថ្ងៃទី១២  ខែមករា ឆ្នាំ២០២២  នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំមន្ទីរសុខាភិបាល មន្ទីរអង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហការ ជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លទ្ធផលនេះ បានឆ្លុះ បញ្ចាំងអំពីការលះបង់ខ្ពស់ និងសាមគ្គីភាព ក្រោមការដឹកនាំដ៏ឈ្លាងវៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយគិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងមក នេះបានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅបាន ៨០,៩៣ភាគរយ នៃគោលដៅ ១.៤១២.៧៦៩នាក់។

ឯកឧត្តមបន្តថា ទាំងរដ្ឋបាលរាជធានីភ្នំពេញ មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និង អាជ្ញាធរចាប់ពីថ្នាក់រាជធានីរហូតដល់មូលដ្ឋាន បានខិតខំប្រឹងប្រែងពេញមួយឆ្នាំក្នុងការរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញឱ្យបានល្អប្រសើរ និងខិតខំពុះពារជំនះរាល់ ការលំបាកដែលបង្កឱ្យជំងឺកូវីដ-១៩ ដោះស្រាយសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលបង្កពីទឹកជំនន់ និងដោះស្រាយការកកស្ទះសំរាមក្នុងពេលដែលក្រុមហ៊ុនស៊ីនទី្រមាន បញ្ហាទៀត។ បន្ថែមពីលើនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានយកចិត្ត ទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និង សំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញក្នុង ឆ្នាំ២០២១នេះបានយ៉ាងល្អ ប្រសើរ។

ឯកឧត្តម ម៉ប់ សារិន បានបន្តទៀតថា ចំពោះការងារបរិស្ថាន និងអនាម័យ និងការគ្រប់ គ្រងសំណល់ ក្រោយពេលមានក្រុមហ៊ុនទាំង០៣ ទទួលអនុវត្តន៍ប្រមូល និងដឹកសំរាមមក ឃើញថា មានការថយចុះបរិមាណសំរាមជាងការដឹករបស់ក្រុមហ៊ុនស៊ីនទ្រីកន្លងមក (ជាង ៣ពាន់តោន មកនៅជាង ២.៨១១តោន ក្នុង១ថ្ងៃ) ឯទីតាំងប្រមូលសំរាមកើនឡើង។ ដោយ ឡែកការចុះត្រួតពិនិត្យការបំពុលបរិស្ថាន (ក្លិន ផ្សែង សំឡេង) បង្ហាញទីតាំង បានច្រើន និងលទ្ធផល ដែលចុះត្រួតពិនិត្យបានកំណត់ច្បាស់លាស់បានល្អ។ ការចុះសហប្រតិបត្តិការ តាមខណ្ឌធ្វើបានល្អ អំពីការតាមដានទីតាំងសំណល់ធ្វើឱ្យការដឹកជញ្ជូនមិនមានការកកស្ទះ និងបានលប់បំបាត់ដេប៉ូសំរាមរ៉ាំរ៉ៃដែលមានកន្លងមកពោលគឺការប្រមូល និងដឹកសំរាមក្នុង ទីក្រុងអនុវត្តន៍បានជោគជ័យ និងមិនមានការកកស្ទះសំរាម។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រកាសតែងតាំងសមាជិកក្រុម ប្រឹក្សារាជធានីភ្នំពេញថ្មីម្នាក់ឈ្មោះ លោក ម៉ម ម៉ាលី ជំនួសលោកស្រី ឃួន គឹមនី លេខរៀងទី៦ ដែលបានទទួលមរណភាព៕