ប្រមុខការទូតកម្ពុជា-បង់ក្លាដេស ជួបសន្ទនាតាមទូរសព្ទ ពីបញ្ហាប្រឈមមួយចំនួនក្នុងតំបន់


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានជួបសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមបណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន រដ្ឋមន្ត្រីការបរទេស នៃប្រទេសបង់ក្លាដេស អំពីបញ្ហាប្រឈមមួយចំនួនក្នុងតំបន់។

ប្រមុខការទូតកម្ពុជា បានប្រកាសពីលទ្ធផលជំនួបនោះយ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភពីភាពងាយរងគ្រោះរបស់ជនភៀសខ្លួននៅខក់បាសា ដែលអាចទៅចូលរួមចលនារ៉ាឌីកាល់ និងក្រុមជ្រុលនិយម ព្រមទាំងសង្ឃឹមថា ដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ពួកគាត់ នឹងប្រកបទៅដោយសុវត្ថិភាព និងភាពសមរម្យ»

ទន្ទឹមនឹងនេះ ប្រមុខការទូតកម្ពុជា និងបង់ក្លាដេស ក៏សង្ឃឹមថាប្រទេសមីយ៉ាន់ម៉ានឹងឆាប់ទទួលបានស្ថិរភាព និងសន្តិភាព ដែលជាផលប្រយោជន៍រួមរបស់ប្រជាជនមីយ៉ាន់ម៉ាគ្រប់រូប និងសម្រាប់តំបន់យើងទាំងមូល។

បើតាមឯកឧត្តម ប្រាក់ សុខុន កម្ពុជានៅតែមានសុទិដ្ឋិនិយម ចំពោះសំណើរបស់បង់ក្លាដែសដើម្បីក្លាយជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន។ ប្រទេសទាំងពីរ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកតាមមធ្យោបាយផ្សេងៗ ក្នុងស្មារតីពង្រឹងបន្ថែមនូវមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់យើង៕